ព័ត៌មាន

អ្នកជំនាញៈ ការបង្កើត​រំហូរ​សាច់​ប្រាក់​ក្នុង​វិស័យ​អចលនទ្រព្យ​នឹង​ជួយ​ឱ្យ​វិស័យនេះ​ងាក​ចេញពី​វិបត្តិ​បាន​លឿន

អ្នកជំនាញៈ ការបង្កើត​រំហូរ​សាច់​ប្រាក់​ក្នុង​វិស័យ​អចលនទ្រព្យ​នឹង​ជួយ​ឱ្យ​វិស័យនេះ​ងាក​ចេញពី​វិបត្តិ​បាន​លឿន

នំពេញៈ វិបត្តិ​កូ​វីដ១៩បាននិងកំពុង​បង្ក​ផលប៉ះពាល់ ដល់​វិស័យ​ជាច្រើន​លើ​ពិភពលោក ហើយ​វិស័យ​អចលនទ្រព្យ​កម្ពុជា ក៏​គេច​មិន​រួច​ពី​ផលប៉ះពាល់ ពី​វិបត្តិ​ជំងឺ​រាតត្បាត​មួយ​នេះដែរ ប៉ុន្តែ​អ្នកជំនាញ​បានលើកឡើង​បាន​ថា អ្នកវិនិយោគ អ្នក​អភិវឌ្ឍន៍​គួរ​បង្កើត ឱ្យមាន​ដំណើរការ​ចរន្ត ឬ​រំហូរ​សាច់ប្រាក់​ក្នុង​វិស័យ​អចលនទ្រព្យ ដើម្បី​អាចឱ្យ​វិស័យ​មួយ​នេះ​ងើប​ឡើងវិញ​បាន​លឿន។

ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Easy Property Investment លោក ​ម៉ម សេរី​បញ្ញា បាន​ថ្លែងប្រាប់​ក្នុង​សប្តាហ៍​នេះ​ថា ក្នុង​ស្ថានការណ៍​បច្ចុប្បន្ននេះ ពិភពលោក​កំពុង​ជួបប្រទះ​នឹង​បញ្ហា ហើយ​យើង​ក៏​ជួបនឹង​បញ្ហា​ដូចគ្នា ដោយសារ​វិបត្តិ​កូ​វីដ១៩ ។

លោក​បាន​ថ្លែងបន្តថា “ខ្ញុំ​អាច​និយាយបានថា វា​មាន​ផលប៉ះពាល់ ប៉ុន្តែ​យើង​មិនអាច​អង្គុយ​កាប់​បំពង់ រង់ចាំ​ទឹកភ្លៀង​នោះទេ ឬ​នៅក្នុង​រណ្តៅ​មួយ ដោយ​មិន​ប្រឹង​វារ​ឡើង​នោះទេ ព្រោះ​បើ​យើង​មិន​ធ្វើ​សកម្មភាព​អ្វី​សោះ យើង​នឹង​ដួល​ទាំងអស់គ្នា” ។

លោក​បាន​ថ្លែង​ទៀតថា “ដូច្នេះ​យើង​ត្រូវបានធ្វើ​យ៉ាងម៉េច ឱ្យមាន​ដំណើរការ​ចរន្ត​សាច់ប្រាក់ (cash flow) ហើយ​យើង​ឃើញថា អ្នកវិនិយោគ​មួយចំនួន នៅ​ប្រឹងប្រែង​ធ្វើ និង​អ្នកទិញ​នៅ​បន្ត​ទិញ ដែលជា​ឱកាស​មួយ​ល្អ ក្នុងការ​ទទួលបាន​តម្លៃ​ល្អ” ។

លោក​អំ​នាវ​ពា​វ​ដល់​វិនិយោគិន​ទាំងអស់ កុំឱ្យ​មានការ​ភិតភ័យ សម្រាប់​ការវិនិយោគ​នាពេល​បច្ចុប្បន្ន និង​បន្ត​អភិវឌ្ឍន៍ និង​វិនិយោគ​ទៅតាម​គម្រោង និង​ផែនការ​របស់ខ្លួន ប៉ុន្តែ​ត្រូវគោរព​តាម​ការណែនាំ​របស់​រដ្ឋ​ភិ​បាល តាមរយៈ​ការដាក់​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ​លោក​សំ សុខ​នឿន​ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បានឱ្យដឹង​កាលថ្មីៗថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ជា​សហគមន៍​ជាថ្មី​នៅ​ក្នុ​ប្រទេស​កម្ពុជា នាពេលនេះ គឺជា​រឿង​មិន​នឹកស្មាន​មួយ ក៏ប៉ុន្តែ​លោក​ជំ​រុញឱ្យ​វិនិយោគិន​នានា ក្នុង​វិស័យនេះ គួរតែ​បន្ត​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​ប​ន្ត ដោយសារតែ​កូ​វីដ​សហគមន៍​នេះ នឹងត្រូវ​ទប់ស្កាត់បាន។

លោក​បាន​ថ្លែង​ទៀតថា “ជា​បទពិសោធន៍​កន្លង​មក កម្ពុជា​បាន​ទប់ស្កាត់​ការរីក​រាល​និង​គ្រប់គ្រង​បានល្អ លើ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ ហើយ​សម្រាប់​ការឆ្លង​សហគមន៍​លើក​នេះ លោក​ក៏​ជឿថា​អាច​ទប់ស្កាត់បាន​ដូចគ្នា ជាមួយនឹង​វត្តមាន​វ៉ាក់សាំង​នៃ​កូ​វីដ១៩ ដែល​កំពុង​ចាក់​ជូន​ពលរដ្ឋបណ្ដើរៗផងដែរ” ។

លោក​សំ សុខ​នឿន បាន​បន្តថា សម្រាប់​ពេលនេះ ប្រជាពលរដ្ឋ​ទាំង​សូម​ស្ដាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​កាន់តែ​ធំ ដើម្បីឱ្យ​ការឆ្លង​សហគមន៍​នេះ បានបញ្ចប់​នៅពេលឆាប់ៗ និង​អាច​ស្ដារ​សេដ្ឋកិច្ចកម្ពុជា​បាន​ប្រសើរ​ឡើងវិញ៕