News

ស្ថាបត្យកម្ម​កំពូល​ថ្មី​មួយទៀត​របស់​មហា​យក្ស​ចិន កំពស់ ៣៣៩ម៉ែត្រ បាន​សាងសង់​បញ្ចប់​ជា​ផ្លូវការ

ស្ថាបត្យកម្ម​កំពូល​ថ្មី​មួយទៀត​របស់​មហា​យក្ស​ចិន កំពស់ ៣៣៩ម៉ែត្រ បាន​សាងសង់​បញ្ចប់​ជា​ផ្លូវការ

ប្រទេស​ចិន:  ក្រុមហ៊ុន​ស្ថាបត្យកម្ម​អន្តរជាតិ Aedas បាន​សាងសង់​បញ្ចប់​ជា​ស្ថាពរ​កាលពីពេលថ្មីៗនេះ​នូវ​អគារ “មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ហេង​ឈី​ន” (Hengqin International Financial Centre) កម្ពស់ ៣៣៩ម៉ែត្រ ដែល​ស្ថិតនៅ​មាត់ទន្លេ​គជ់ខ្យង (Pearl River) និង​ដែល​មើលឃើញ​ទេសភាព​កោះ​ម៉ា​កាវ នៅ​ត្រើយម្ខាង។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ ArchDaily ។Aedas គឺជា​ក្រុមហ៊ុន​អន្តរជាតិ ដែល​ផ្ដល់​សេវាកម្ម​ផ្នែក​ស្ថាបត្យកម្ម ការ​ឌី​ហ្សា​ញ​ផ្ទៃ​ខាងក្នុង ការ​ឌី​ហ្សា​ញ​សួនឧទ្យាន ការ​ឌី​ហ្សា​ញ​ប្លង់​ទីក្រុង ការធ្វើ​ផែនការមេ និង​ក្រាហ្វិក។ ក្រុមហ៊ុន​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០០២ ជា​សម្ព័ន្ធ​រវាង​ក្រុមហ៊ុន​មាន​ស្រាប់​ចំនួន៣ នៅ​ប្រទេស​អង់គ្លេស ក្រុង​ហុងកុង និង​ប្រទេស​អូស្ត្រាលី។

គម្រោង​អគារ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ មាន​ទីតាំង​ស្ថិតនៅលើ​កោះ​ហេង​ឈី​ន (Hengqin Island) ក្រុង​ជូ​ហាយ (Zhuhai) ប្រទេស​ចិន ហើយ​ថ្ងៃ​អនាគត​ដ៏​ខ្លី​វា​នឹង​ក្លាយជា​សង្កាត់​ហិរញ្ញវត្ថុ ដែល​ភ្ជាប់​ក្រុង​ហុងកុង កោះ​ម៉ា​កាវ និង​ទីក្រុងធំៗផ្សេងទៀត​ក្នុង​តំបន់ Greater Bay Area (ខេត្ត​គ័ង​តុង-ហុងកុង-ម៉ា​កាវ)។

កោះ​ដែល​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​ទឹកសមុទ្រ និង​ជួរ​ភ្នំ និង​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ចង្កោម​ទីក្រុង​លំដាប់​ពិភពលោក​មួយ​នេះ កំពុងតែ​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ដូច​បានបង្ហាញ​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ថ្នាក់ជាតិ​ចុងក្រោយ​របស់​ប្រទេស​ចិន។

បណ្ឌិត Andy Wen នាយក​ផ្នែក​ឌី​ហ្សា​ញ​ជា​អន្តរជាតិ នៃ​ក្រុមហ៊ុន Aedas បាន​បញ្ជាក់ថា អគារ​មជ្ឈមណ្ឌល​នេះ រួមមាន ការិយាល័យ​លំដាប់​A សាលសន្និសីទ និង​សាល​តាំងពិព័រណ៍ អា​ផាត​ម៉ិ​ន និង​ទីធ្លា​សម្រាប់​អាជីវកម្ម​លក់រាយ។ កន្លែង​លក់រាយ​ស្ថិតនៅ​ជាន់​ខាងក្រោម​នៃ​អគារ ការិយាល័យ​ស្ថិតនៅ​ជាន់​កណ្ដាល ហើយ​អា​ផាត​ម៉ិ​ន​ស្ថិតនៅ​ជាន់​លើ។

អគារ​កញ្ចក់​នេះ ត្រូវបាន​ឌី​ហ្សា​ញ​យ៉ាង​ពិសេស ដើម្បី​កាត់បន្ថយ​កម្លាំង​ខ្យល់​ខ្លាំង ធ្វើឱ្យ​អ្នក​ថ្មើរជើង​ទទួលបាន​បទពិសោធន៍​កាន់តែ​ប្រសើរ។ នៅ​ផ្នែក​ខាងក្រោម ការ​ឌី    ហ្សា​ញ​មាន លក្ខណៈ​រមួល​គួរឱ្យ​ចាប់អារម្មណ៍ និង​ស្រស់ស្អាត​ប្លែក។

នេះ​សរ​បង្ហាញ​ពី​សមិទ្ធផល​ដ៏​ធំធេង​មួយទៀត ដែល​ជួយ​លើកមុខ​មាត់​មហា​យក្ស​ចិន មួយកម្រិត​ទៀត​នៅលើ​ឆាក​អន្តរជាតិ ទោះបីជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​មួយ​នេះ រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ យ៉ាងណាក្ដី។