News

Phnom Penh Park

Phnom Penh Park

រាជធានីភ្នំពេញ ៖ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតំបន់ជ្រោយចង្វារគឺកំពុងតែមានការអភិវឌ្ឍន៍យ៉ាងលឿនគួរអោយកត់សំគាល់ ដោយផ្អែកទៅលើកត្តាទីតាំងភូមិសាស្ត្រអំណោយផល គឺនៅចន្លោះទន្លេមេគង្គនិងទន្លេសាប ដែលមានខ្យល់អាកាសល្អបរិសុទ្ធ មានហេដ្ឋារចនាសម្ព័ន្ធល្អនិងស្ពានគ្រប់គ្រាន់ ងាយស្រួលក្នុងការធ្វើចរាចរណ៏ចេញចូលទីក្រុង ហើយក៏គឺជាតំបន់ពេជ្រកំពុងច្នៃ ដែលគ្របដណ្តប់ទៅដោយគម្រោងធំៗជាច្រើនដែលកំពុងបង្កើតឡើងនាពេលបច្ចុប្បន្ននិងទៅអនាគត។

ទន្ទឹមនេះ គម្រោងបុរីលំនៅដ្ឋានថ្មីដ៏ធំដែលមានឈ្មោះថា បុរីភ្នំពេញផាក ( Phnom Penh Park ) ដែលមានផ្ទៃដីសរុប​៤៦ហិចតា កំពុងតែលេចចេញរូបរាងក្នុងតំបន់ជ្រោយចង្វារ ដែលស្ថិតនៅចន្លោះ​ ទីក្រុងរណបជ្រោយ​ចង្វារ និង ពហុកីឡាដ្ឋាន​មរតក​តេជោ ​នៅតាមបណ្ដោយផ្លូវជាតិ​លេខ៦អា ស្ពានទី១ ជាប់នឹងគម្រោងបុរីធំៗជាច្រើន ដូចជាៈ ​បុរី​ប៉េង ហួត បុរីអ័រគីដេ​ និង ឌឹមេគង្គរ៉ូយ៉ាល់ជាដើម​ ។

លោក​ឈិន អ៊ីសៀន នាយកប្រតិបត្តិនៃគម្រោងថ្មីនេះបានប្រាប់អោយដឹងថាៈ​ គម្រោងលំនៅដ្ឋានថ្មីនេះ គឺមានលក្ខណៈពិសេសជាងគេ បើធៀបទៅនឹងក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក គឺក្រុមហ៊ុនបានយល់ច្បាស់នូវផ្នត់គំនិតនិងស្តង់ដារបច្ចេកទេសរបស់ប្រទេសជឿនលឿនដែលបានអនុវត្តន៍ ហើយបើប្រៀបធៀបនឹងក្រុមហ៊ុនអភិវឌ្ឍន៍ក្រៅស្រុកវិញ គឺក្រុមហ៊ុនរឹតតែយល់ច្បាស់អំពីតម្រូវការដែលអតិថិជនចង់បាន ដោយផ្អែកតាមកត្តាខាងលើ រួមផ្សំទាំងបទពិសោធន៏ដែលបានអភិវឌ្ឍន៍កន្លងមក ញ៉ាំងអោយលោកបង្កើតបាននូវគម្រោងលំនៅដ្ឋានរស់នៅបែបថ្មី​ ដែលប្រកបដោយគំនិតច្នៃប្រឌិត ស្តង់ដារខ្ពស់ និងមានផាសុកភាព ។

លោកនិយាយថាៈ​ ទាក់ទងទៅនឹងប្លង់មេនៃគម្រោងរបស់លោកគឺមានលក្ខណៈពិសេសដូចខាងក្រោមៈ

១,ក្រៅពីផ្លូវមេដែលមានតភ្ជាប់ជាមួយផ្លូវរដ្ឋទាំងខាងមុខនិងខាងក្រោយបុរីនោះ គឺយើងនៅមានទុកច្រកផ្លូវផ្សេងៗទៀតដែលអាចតភ្ជាប់ជាមួយនឹងគម្រោងជុំវិញទាំងអស់នៅថ្ងៃអនាគត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងអាចជួយកាត់បន្ថយភាពកកស្ទះចរាចរណ៍ផងដែរ។

២​,ធ្វើការចែកដាច់ពីគ្នាអំពីតំបន់សំរាប់ធ្វើអាជីវកម្ម(ប្លុកសបហាវហ៍)​ និងតំបន់សំរាប់ស្នាក់នៅ(ប្លុកវីឡា) ដោយតំបន់សំរាប់ធ្វើអាជីវកម្ម ស្ថិតនៅលើផ្លូវមេដែលបើកចំហរអោយប្រើប្រាស់ដែលមានតភ្ជាប់ជាមួយផ្លូវរដ្ឋទាំង​មុខនិងខាងក្រោយ រីឯតំបន់សំរាប់ស្នាក់នៅវិញ គឺមានរបងហ៊ុំព័ទ្ធជិតដែលមានសន្តិសុខប្រចាំការ២៤ម៉ោង មិនអនុញាតិអោយអ្នកក្រៅចេញចូលដោយសេរីនោះទេ ។

៣,កំណត់ច្បាស់នូវកំរិតទីផ្សារអតិថិជនចាប់ពីថ្នាក់មធ្យមឡើងទៅ ដោយតំលៃផ្ទះនៃគម្រោងរបស់លោក មានតំលៃចាប់ពីជាង១០ម៉ឺនដុល្លាឡើងទៅ រហូតដល់៦០ម៉ឺនដុល្លារ ពោលគឺលោកចង់បានអតិថិជនដែលមានធនធានប្រហាក់ប្រហែលឬដូចគ្នាមករស់នៅក្នុងគម្រោងថ្មីនេះ ដូច្នេះអតិថិជនទាំងអស់នឹងងាយស្រួលក្នុងការប្រស្រ័យទាក់ទងនិងរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។

៤​,បែងចែកដាច់នូវប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដាច់ពីគ្នា ដោយប្រពន្ធបង្ហូរទឹកភ្លៀងគឺបង្ហូរចូលប្រពន្ធលូមេរបស់រដ្ឋតែម្តង រីឯប្រពន្ធបង្ហូរទឹកកខ្វក់​ គឺយើងធ្វើការបង្ហូរចូលអាងស្តុកនិងចំរោះស្អាតរួច ទើប ធ្វើការបង្ហូរចូលប្រព័ន្ធលូមេរបស់រដ្ឋ នេះគឺជាកត្តាមួយក្នុងការចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថានជាមួយរដ្ឋាភិបាល ដូចប្រទេសជឿនលឿននានាដែលបានអនុវត្តន៍រួច ។

លោកបានបន្ថែមថាៈ គម្រោងយើងនៅមានលក្ខណៈពិសេសផ្សេងៗទៀត ដូចជាៈ

១,ទំហំកាន់តែធំ៖ គឺសំដៅទៅលើផ្ទៃដីប្រើប្រាស់សាធារណៈកាន់តែធំ យើងមានរៀបចំសួនច្បារដែលចែកចេញជាបីប្រភេទ គឺៈ សួនច្បារខ្នាតធំដែលស្ថិតនៅចំកណ្តាលនៃគម្រោងបុរី ហើយមានសួនច្បារខ្នាតតូចនានាទៀតដែលមាននៅជិតគេហដ្ឋានអតិថិជន និងមានសួនច្បារនៅតាមដងផ្លូវនៃមុខគេហដ្ឋានទៀតផង ។ ហើយម៉្យាងទៀត ទំហំដីនិងផ្ទះគឺមានទំហំធំទូលាយ ពិតជាអាចផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់និងរស់នៅ ទាំងពេលបច្ចុប្បន្ននិងថ្ងៃអនាគត។

២,សន្តិសុខកាន់តែប្រសើរ ដោយយើងមានបំពាក់នូវប្រព័ន្ធការពារសុវត្ថិភាពដែលទំនើប និង​ដំបូង​គេបង្អស់ក្នុងចំណោមគម្រោងបុរីនានាក្នុងប្រទេសកម្ពុជា ជាពិសេសចំពោះតំបន់សំរាប់ស្នាក់នៅ(ប្លុកវីឡា)តែម្តង គឺការគ្រប់គ្រងសុវត្ថិភាពសន្តិសុខមានភាពតឹងរឹង ជាមួយនឹងបច្ចេកវិទ្យាទំនើបនិងស្វ័យប្រវត្តិ។ ហើយលើសពីនេះទៀត នៅតាមវីឡានីមួយៗគឺមានបំពាក់ជូន​នូវប្រពន្ធ័ប្រកាស​អាសន្ន ពេលដែល​ម្ចាស់ផ្ទះត្រូវការ​ជំនួយអ្វីជាបន្ទាន់ គ្រាន់តែចុចប៊ូតុ​ងប្រកាសអាសន្ននោះ ភ្នាក់ងារសន្តិសុខនឹងចុះទៅជួយអន្តរាគមន៍​ភ្លាមៗតែម្តង។

៣,ស្តង់ដារកាន់តែខ្ពស់ គឺយើងមានក្រុមការងារដែលមានជំនាញនិងបទពិសោធន៍ច្បាស់លាស់ទាំងក្នុងនិងក្រៅប្រទេស រួមទាំងការអនុវត្តន៍និងគ្រប់គ្រងការងារបច្ចេកទេសប្រចាំនៅការដ្ឋាន និងមានក្រុមហ៊ុនដៃគូរសហការក្រៅប្រទេសដែលល្បីឈ្មោះនិងមានបទពិសោធន៍ច្រើនឆ្នាំ ជួយសិក្សានិងលំអិតប្លង់អោយកាន់តែមានភាពស្តង់ដារ ជាពិសេស រាល់ការងារតុបតែងផ្នែកខាងក្នុងផ្ទះទាំងអស់ គឺយើងជ្រើសយកក្រុមហ៊ុនក្រៅស្រុកដែលមានទឹកដៃស្អាតមកសហការដើម្បីរៀបចំជូនអតិថិជន។

៤,គុណភាពកាន់តែល្អ រាល់សំភារៈសំណង់និងការងារសាង់សង់ទាំងអស់ សុទ្ធតែត្រូវបានធ្វើការជ្រើសរើស ត្រួតពិនិត្យគុណភាព និងគ្រប់គ្រងតាមបទដ្ឋានការងារបច្ចេកទេសត្រឹមត្រូវ ។ ដូចជា៖ ផ្លូវក្នុងបុរីយើង ក្រៅពីចាក់ផ្លូវបេតុងដែលមានកំរាស់ក្រាស់​ ហើយនៅមានអ៊ុតកៅស៊ូបេទីមពីលើ​​ និងរៀបខឿនផ្លូវធ្វើពីថ្មម៉ាបទាំងអស់។ រាល់ជញ្ជាំងបន្ទប់គេងដែលមានក្បាលគ្រែទល់គ្នា គឺមានរៀបជញ្ជាំងឥដ្ឋ២០ទាំងអស់។ល។ ហើយការងារដែលយើងយកចិត្តទុកដាក់ខ្លាំងទៀតនោះ គឺការងារការពារជំរាបទឹក និងការពារសត្វកណ្តៀរ ដោយយើងបានធ្វើការសិក្សាយ៉ាងលំអិតនិងមានសហការជាមួយក្រុមហ៊ុនជំនាញដើម្បីដោះស្រាយនិងការពារកុំអោយមានបញ្ហាទាំងនេះកើតឡើង ។

៥,បរិយាកាសកាន់តែស្រស់ស្អាត ដោយសារគម្រោងយើងបានរក្សាទុកនូវផ្ទៃដីសាធារណៈដ៏ធំសំរាប់បង្កើតជាសួនច្បារ រួមផ្សំទាំងការរចនាសួនដ៏ល្អឥតខ្ចោះពីអ្នកជំនាញក្រៅប្រទេសផងនោះ លោកឈិន អ៊ីសៀន បានមានប្រសាសន៍ដោយមោទនភាពថាៈ លោកជឿជាក់ថា ក្រោយពេលគម្រោងទាំងមូលត្រូវបានបញ្ចប់ បុរីលោកនឹងក្លាយទៅជានិមិត្តរូបថ្មីមួយទៀតនៃទីក្រុងភ្នំពេញ ហើយក៏អាចស័ក្តិសមនឹង ឈ្មោះបុរីភ្នំពេញផាក ( Phnom Penh Park )​ ដែលបានប្រសិទ្ធនាមនេះ ដោយសារក្នុងបុរីយើងពោរពេញទៅដោយសួនឧទ្យានបៃតងស្រស់។

៦,រចនាបទកាន់តែផាសុភាព ទាក់ទងទៅនឹងលំហផ្ទៃក្នុងផ្ទះនីមួយៗ គឺមានការរៀបចំបានយ៉ាងល្អ មានមុខងារពេញលេញនិងងាយស្រួលប្រើប្រាស់។ ហើយនៅក្នុងគម្រោងទាំងមូល មិនថានៅសួនច្បារសាធារណៈឬក្នុងគេហដ្ឋាន គឺគ្មានកាំជណ្តើរឬខឿនផ្លូវដែលខ្ពស់ជាង១៨សង់ទីមែត្រនោះទេ ។ នៅតាមសួនច្បារនិងមុខផ្ទះ មានធ្វើជំរាលផ្លូវសំរាប់ផ្តល់ភាពងាយស្រួលក្នុងការរុញរទេះរុញឡើងចុះ ។ បន្ទប់ទឹកទាំងអស់មានទំហំធំនិងមិនសង់នៅក្រោមជណ្តើរទេ ។ កំពស់ផ្ទះនៃជាន់នីមួយៗគឺមិនទាបជាង៣.៣មែត្រ ហើយប្រវែងបន្ទប់គេងទាំងអស់គឺមិនមានខ្លីជាង៤មែត្រទេ ។ ចំពោះវីឡាឃ្វីនវិញ យើងមានសង់បន្ទប់គេងនៅជាន់ផ្ទាល់ដី សំរាប់ផ្តល់ភាពងាយស្រួលចំពោះឪពុកម្តាយដែលមានវ័យចាស់ ។ល។ ទាំងនេះហើយ ដែលជាចំណុចដែលយើងចង់ផ្តល់អោយមានភាពងាយស្រួលក្នុងការរស់នៅជូនអតិថិជន។