ព័ត៌មាន

ផ្សារបោះដុំ MAKRO នឹងបង្ហាញវត្តមាននៅតំបន់ពហុកីឡដ្ឋានមរតកតេជោនាពេលខាងមុខ

ផ្សារបោះដុំ MAKRO នឹងបង្ហាញវត្តមាននៅតំបន់ពហុកីឡដ្ឋានមរតកតេជោនាពេលខាងមុខ

ប្រភពព៌តមានច្បាស់ការណ៍បានឲ្យដឹងថា ក្រុមហ៊ុនបោះដុំមុខទំនិញដ៏ធំ MAKRO នឹងបង្ហាញវត្តមាននៅតំបន់អភិវឌ្ឍន៍៍ នៃទីក្រុងតេជោមរកត(តំបន់ពហុកីឡដ្ឋានតេជោ)នាពេលខាងមុខនេះ។

បុគ្គលិកជាន់ខ្ពស់នៃផ្សារទំនើប MAKRO បានមានប្រសាសន៍ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា​ ក្រុមហ៊ុនបាននិងកំពុងរៀបចំផែនការ ដើម្បីបើកដំណើរការផ្សារនេះនៅតំបន់អភិវឌ្ឍទីក្រុងរណប តេជោមរកតរបស់អ្នកឧកញ៉ាលី យ៉ុងផាត់នាពេលខាងមុខនេះ។

លោកបន្តថា នេះជាការពង្រីកទីផ្សារទី២នៅទីក្រុងភ្នំពេញ ដែលតំបន់នេះកំពុងមានការអភិវឌ្ឍលឿន និងកំពុងទាក់ទាញគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន ប្រណីតៗជាច្រើន ដែលបាននិងកំពុងទាក់ទាញប្រជាជន ដែលមានជីវភាពធូរធារ ចូលទៅរស់នៅតំបន់នេះកាន់តែច្រើននាពេលអនាគត។

បច្ចុប្បន្ននៅកម្ពុជា ក្រុមហ៊ុន MAKRO បានបើកផ្សារបោះដុំទំនិញ និងលក់រាយនូវផលិតផលប្រើប្រាស់ និងអាហារ២សាខាហើយ ដោយមួយមានទីតាំងនៅជិតផ្សារទំនើប AEON Mall2 និងសាខាមួយទៀតស្ថិតនៅក្នុងក្រុងសៀមរាប។ ផ្សារទំនើបដ៏ល្បីនេះត្រូវបានវិនិយោគរូមគ្នាដោយអ្នកឧកញ៉ាលី យ៉ុងផាត់ និងមហាសេដ្ឋីជំនួញរបស់ប្រទេសថៃ។

តំបន់អភិវឌ្ឍទីក្រុងតេជោមរកត បាននិងកំពុងក្លាយជារមណីយដ្ឋានដ៏ប្រណីតមួយនៅរាជធានីភ្នំពេញ ដោយបច្ចុប្បន្ននេះរៀងរាល់ពេលរសៀល ពិសេសថ្ងៃចុងសប្តាហ៍​ប្រជាជនរស់នៅជុំវិញតំបន់នេះ និងមកពីតាមបណ្តាខេត្តបានមកទស្សនា កំសាន្តនៅទីលានវិមានឈ្នះ ឈ្នះ នៅសួនទឹកដ័ធំ និងកំសាន្តនៅសួនសតហវាសាហ្វារីវើលដ៏ និងពហុកីឡដ្ឋានមរតកតេជោ ដែលបានបញ្ចប់ការសាងសង់កាលពីពេលថ្មីៗនេះ ពិសេ​សមានការអញ្ជើញមកប្រគល់ ដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ចិន គឺលោកវ៉ាង យីទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន ជូនសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី១២កញ្ញាកន្លងមកនេះ៕