មជ្ឈមណ្ឌលពាណិជ្ជកម្ម Gold Tower42 ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះដោយមានផ្សារទំនើប ការិយាល័យ ខុនដូ បន្ទីរពេទ្យ និសេវាកម្មចម្រុះជាច្រើនទៀត។
នៅពេលបញ្ចប់ការសាងសង់ Gold Tower 42 នឹងមានកំពស់រហូតដល់១៩២ម៉ែត្រ ហើយវានឹងក្លាយជាអាគារខ្ពស់ជាងគេទី១ នៅក្រុងភ្នំពេញនាឆ្នាំ២០១៩នេះ ខណៈអាគារខ្ពស់ផ្សេងទៀតមិនទាន់បានបញ្ចប់ការសាងសង់។
លោក Kim Tae Yeon ប្រធានក្រុមហ៊ុន YUNWOO ប្រចាំកម្ពុជាបានឲ្យដឹងកាលពីពេលប្រកាសចាប់ផ្តើមសាងសង់អាគារនេះ ជាថ្មីកាលពីចុងឆ្នាំ២០១៨កន្លងមកថា អាគារនេះ បានចំណាយប្រាក់សាងសង់អស់១០០លានដុល្លារហើយ និងត្រូវចំណាយប្រាក់១៤០លានដុល្លារទៀត។
តាមផែនការ ដើម្បីបញ្ចប់គំរោងនេះនៅចុងឆ្នាំ២០១៩ ប៉ុន្តែការសាងសង់បានជាប់គាំង និងយឺតជាងផែនការជាបន្តបន្ទាប់ ដែលធ្វើឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្មនេះរួមបញ្ចូលផ្សារទំនើប អាគារការិយាល័យ ខុនដូសរុបចំនួន៣៩៩យូនីតនេះ បានពន្យាពេលបញ្ចប់និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការរហូតមកទល់ពេលនេះ។
ក្រុមហ៊ុន YUNWOO បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Hongtao Decoration និងក្រុមហ៊ុនសាងសង់ឈ្មោះ Waiman Construction& Engineering ដែលមានមូលដ្ឋាននៅប្រទេសចិន ដើម្បីសាងសង់បញ្ចប់អាគារនេះ។
អាគារ Gold Tower 42 បានផ្អាកការសាងសង់នៅឆ្នាំ២០១០ ខណៈដែលក្រុមហ៊ុនសាងសង់បានបញ្ចប់ត្រឹមជាន់ទី៣១ នៃអាគារកំពស់៤២ជាន់នេះ។
មានពាក្យចចាមអារ៉ាមថា Gold Tower42 ត្រូវបានទិញយកដោយក្រុមហ៊ុន Prince Holding Group ប៉ុន្តែមិនមានព៌តមានផ្លួវការណាមួយលើកឡើង ឬថ្នាក់ដឹកនាំក្រុមហ៊ុន Prince Holding Group បញ្ជាក់ពីព៌តមាននេះឡើយ៕