ព័ត៌មាន

លោក​ហុង សុ​ហួរ បង្ហើប​ប្រាប់​ពី​របៀប​វិនិយោគ​ដើម្បី​ថ្ងៃ​អនាគត

លោក​ហុង សុ​ហួរ បង្ហើប​ប្រាប់​ពី​របៀប​វិនិយោគ​ដើម្បី​ថ្ងៃ​អនាគត

ភ្នំពេញៈ នៅក្នុង​ការប្រកប​អាជីវកម្ម ការធ្វើ​ជំនួញ ឬ​ការវិនិយោគ​នៅក្នុង​វិស័យ​ណាមួយ ត្រូវបានធ្វើ​ក្នុង​គោលបំណង​តែមួយគត់ គឺ​ទទួលបាន​ភាពជោគជ័យ និង​មាន​កំណើន​ទ្រព្យ​ប្រកបដោយ​ស្ថិរភាព។

លោក​បណ្ឌិត​ហុង សុ​ហួរ អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែលមាន​ជំនាញ​ផ្នែក​វិនិយោគ និង​បណ្តាក់ទុន​ក្នុង​ផ្សារភាគហ៊ុន បាន​មានប្រសាសន៍​នៅក្នុង​អង្គសិក្ខាសាលា​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា ការវិនិយោគ​ត្រូវបាន​ធ្វើឡើង​ច្រើន​រូបភាព ដែល​រាប់​ចាប់តាំងពី​ការបណ្តាក់ទុន ធ្វើ​អាជីវកម្ម​ខ្នាតតូច រហូតដល់​ការបង្កើត​មុខ​ជំនួញ ក្នុង​ទ្រង់ទ្រាយ​ធំ ឬ​ការបណ្តាក់ទុន​ទិញ​ភាគហ៊ុន​ក្នុង​ផ្សា​រមូល​ប​ត្រ។

លោក​លើកឡើងថា “មិន​ថា​ចំពោះ​ការបណ្តាក់ទុន​វិនិយោគ នៅក្នុង​វិស័យ​ណាមួយ ក្នុង​ទ្រង់ទ្រាយ​ណាមួយ​នោះទេ អ្វីដែល​សំខាន់​គឺអាច​ទទួលបាន​ផលចំណេញ ហើយ​ចំណេញ​បាន​ច្រើន និង​មាន​កំណើន​ទ្រព្យ​ប្រកបដោយ​ស្ថិរភាព​ទៅ​ថ្ងៃ​អនាគត” ។

លោក​បណ្ឌិត​ហុង សុ​ហូរ បាន​បញ្ជាក់ថា ការវិនិយោគ​ដើម្បី​ថ្ងៃ​អនាគត មាន​ភាព​រីកចម្រើន ដំបូង​ឡើយ​ត្រូវ​ផ្តើមចេញពី​ចំណុច​ទាំង៣ ជាគោលការណ៍​សំខាន់ ដែល​ត្រូវតែមាន​ការយកចិត្តទុកដាក់ រួមមាន ទី១ ព្យាយាម​រក​ឱកាស​វិនិយោគ ទី២ រក​អ្នក​ដែលមាន​គំនិត​អាជីវកម្ម​ល្អ និង​ច្បាស់លាស់​ដើម្បី​ចូលរួម​ជា​ដៃគូ និង​ទី៣ មិនត្រូវ​វិនិយោគ​រហូត​អស់ពី​ខ្លួន ដែល​មនុស្ស​ភាគច្រើន​និយាយ​វិនិយោគ​ដល់​ថ្នាក់​ចងក​នោះទេ។

លោក​បាន​ពន្យល់ថា ថ្វី​ត្បិត​ការវិនិយោគ ត្រូវបាន​គេ​ធ្វើឡើង​ច្រើ​រូបភាព ច្រើន​ទម្រង់ ប៉ុន្តែ​អ្វីដែល​លោក​ណែនាំ​នោះ គឺ​ការវិនិយោគ​ជា​ក្រុម ឬ​វិនិយោគ​ដោយ​ការទិញ​ភាគហ៊ុន។ លោក​បន្តថា ក្រោយពី​មាន​ធនធាន​គ្រប់គ្រាន់ អ្នក​មិនចាំបាច់​ត្រូវតែ​បង្កើតឡើង​ដោយ​ខ្លួនឯង​ទាំងស្រុង​នោះទេ ប៉ុន្តែ​អ្នក​គួរ​សម្លឹងមើល​ក្រុមហ៊ុន​ណា ឬ​អាជីវ​កម្មណា​ដែល​ដំណើរ​ការល្អ ដែល​ត្រូវបាន​បង្កើតឡើង ដោយ​អ្នក​មានគំនិត​អាជីវកម្ម​ពិតប្រាកដ ដែលមាន​ចក្ខុវិស័យ​ច្បាស់លាស់ មាន​ផលិតផល​ស្រាប់ មាន​សេវាកម្ម​ស្រាប់ ហើយ​ទាំង​ផលិតផល និង​សេវាកម្ម​ទាំងនោះ នឹង​នៅតែ​បន្ត​មាន​តម្រូវការ​រហូតដល់​ដ​ល់​ថ្ងៃ​អនាគត។

លោក​បន្តថា ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​ក៏​មិនត្រូវ​ព្យាយាម​ចំណាយ​ទុន​លើសពី​អ្វីដែល​ខ្លួន​មាន​ឬ​ខ្ចីបុល​ធនាគារ ដើម្បី​បានជា​ទុន​សម្រាប់​វិនិយោគ​នោះទេ ជៀសវាង​ជួយ​ហានិភ័យ ដោយ​ប្រការ​ណាមួយ​ដែល​មិនអាច​ស្មាន​បាន។

លោក​ហុង សុ​ហួរ​បាន​បន្តថា “ចូរ​ចាំ​ថា គ្រប់ការ​វិនិយោគ​ទាំងអស់ មិនមែន​សុទ្ធតែ​ទទួលបាន​ផលចំណេញ និង​ភាពជោគជ័យ​ទាំងអស់​គ្រប់ពេល​នោះទេ វា​ក៏​អាច​ជួប​ភាពបរាជ័យ ដែល​បណ្តាលមកពី​ផែនការអាជីវកម្ម ឬ​កត្តា​រួមផ្សំ​ពី​សង្គម​ផងដែរ” ៕