ព័ត៌មាន

រោងចក្រ​ និង​សហ​គ្រាស​ថ្មី​ៗជាច្រើន​ចាប់ផ្តើម​បង្ហាញ​វត្តមាន​នៅ​តាមផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​

រោងចក្រ​ និង​សហ​គ្រាស​ថ្មី​ៗជាច្រើន​ចាប់ផ្តើម​បង្ហាញ​វត្តមាន​នៅ​តាមផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​

មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ រោងចក្រ​ និង​សហគ្រាស​នានា​ បាន​នឹង​កំពុង​បង្ហាញ​វត្តមាន​ នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ខណៈ​ផ្លូវ​នេះ​ បាន​ស្ថាបនា​សម្រេច​បាន​ប្រមាណ ៤០ភាគរយ​។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក​ ម៉េ​ត មាស​ភក្តី​បាន​ប្រាប់​គេហ​ទំ​ព័ត៌មាន​ propertyarea.asia​ កាលពី​ពេល​ថ្មី​ៗនេះ​ឱ្យ​ដឹង​ថា​ សមាគម​រោងចក្រ​កាត់ដេរ​ (GMAC​) និង​ភាគី​ពាក់ព័ន្ធ​ បាន​ណែនាំ​ឱ្យ​ម្ចាស់​សហគ្រាស​ និង​រោង​ចក្រ​ថ្មី​ៗជាច្រើន​ទៅ​បោះទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​រួចហើយ​ ចាប់តាំងពី​រដ្ឋបាល​រាជធាន​ភ្នំពេញ​ចេញ​សេចក្តី​ជូនដំណឹង​កន្លងមក​នេះ​។

លោក​បន្ត​ថា​ “ការ​ធ្វើ​ដូច្នេះ​ គឺ​ដើម្បី​ចូលរួម​ដោះស្រាយ​ និង​សម្រួល​ចរាចរណ៍​ដល់​រថយន្ត​ធុន​ធ្ងន់​ក្នុង​ការ​ដឹកជញ្ជូន​វត្ថុធាតុដើម​ ឬផលិតផល​សម្រេច​ចេញពី​រោងចក្រ​ និង​សហគ្រាស​របស់​ពួកគាត់​ ទៅកាន់​កំពង់ផែ​នានា​ចេញពី​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​នេះ​ និង​កាត់បន្ថយ​ការ​កកស្ទះ​ចរ​ចរណ៍​នៅក្នុង​ទីក្រុង​បាន​យ៉ាងច្រើន​ផង​ដែរ​”។

លោក​ម៉េ​ត មាស​ភ័ក្តី​បាន​បន្ត​ថា​ មា្ចស់​រោងចក្រ​ ​និង​សហគ្រាស​ គួរតែ​ពិចារណា​បោះទីតាំង​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ឬជាយក្រុង​ ដើម្បី​កុំឱ្យ​មានផល​ប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ខណៈ​នៅក្នុង​កណ្តាល​ក្រុង​បាន​នឹង​កំពុង​មមាញឹក​កកស្ទះ​ចរាចរណ៍​។

លោក​បន្ថែម​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​កន្លងមក​នេះ​ ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ រោងចក្រ​ និង​សហគ្រាស​នានា​ ដែល​មានការ​ដឹកជញ្ជូន​ទំនិញ​ច្រើន​ គួរ​ពិចារណា​ឱ្យ​បោះទីតាំង​នៅ​តាមផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ឬជាយក្រុង​វិញ​ គឺ​មិន​មែ​បណ្តេញ​ចេញពី​កណ្តាល​ក្រុង​នោះ​ទេ​ តែ​កុំឱ្យ​ប៉ះពាល់​ដល់​ដល់​ដំណើរការ​ចង្វាក់​អាជីវកម្ម​របស់​ពួកគេ​ ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​គង់​ វិមាន​បានឱ្យ​ដឹង​កន្លង​មក​ថ្មី​ៗនេះ​ដែរ​ថា​ មកដល់ពេលនេះ​ ការស្ថាបនា​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ពីសំណាក់​ក្រុមហ៊ុន​ចិន​សម្រេច​បាន​ប្រមាណ៣០​ ទៅ៤០​ ភាគរយ​ហើយ​ ខណៈ​ ក្រុមហ៊ុន​នេះ​មានការ​សាងសង់​លឿន​ជា​ការ​ផែនការ​។

លោក​បន្ត​ថា​ “យើង​កត់សម្គាល់​ឃើញថា​ ក្រុមហ៊ុន​ចិន​តែង​តែង​លឿន​ជា​ផែនការ​ ។ ដូច្នេះ​សម្រាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោងទុក​ ស្របតាម​ការជំរុញ​ពីសំណាក់​របស់​រដ្ឋាភិបាល​ ​និង​ពី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ដោយធ្វើ​យ៉ាង​មិច​ធ្វើ​ឱ្យ​បាន​លឿន​ តាម​ផែនការ​ឬមុន​ផែនការ​”។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តី​ពី​ ផែនការ​រៀបចំ​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​ សហគ្រាស​ ឃ្លាំង​ស្តុក​ទំនិញ​ និង​យានដ្ឋាន​ជួសជុល​ រថ​យន្ត​ធំៗ​ ពី​តំបន់​ទីប្រជុំជន​ទៅ​តំបន់​ជាយក្រុង​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី៣​ ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ​ ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​ក្នុង​ក្រុង​ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ រដ្ឋបាល​រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ចេញ​នៅ​ថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ កន្លងមក​នេះ​ បាន​ស្នើរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​រោងចក្រ​ សហគ្រាស​ ឃ្លាំង​ស្តុក​ទំនិញ​ និង​យានដ្ឋាន​ជួសជុល​រថ​យន្ត​ធំៗ​ ដែល​មាន​ទីតាំង​ក្នុង​តំបន់​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ រៀបចំ​ផ្លាស់​ប្តូរ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ឱ្យទៅ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី៣វិញ​ ដែល​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​កំពុង​ស្ថាបនា​ផ្លូវ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ចាប់ពី​ស្ពាន​ព្រែកព្នៅ​ មហា​វិ​ថី​ឈ្នះ​ៗ (ផ្លូវ​កប់​ស្រូវ​) ផ្លូវជាតិ​លេខ៤​ ត្រង់​គីឡូម៉ែត្រ​លេខ១៤​+១០៥​ ទៅ​ភ្ជាប់នឹង​ផ្លូវជាតិ​លេខ១​ ត្រង់​គីឡូម៉ែត្រ​លេខ២៤​+៨៤០​ ដោយ​កាត់​ផ្លូវជាតិ​លេខ៣​ ផ្លូវជាតិ​លេខ២និង​ផ្លូវជាតិ​លេខ២១​ ដែល​គម្រោង​សាងសង់​រួចរាល់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​។

រដ្ឋបាល​បញ្ជាក់​ថា​ ក្រោយពេល​ផ្លូវ​ក្រវាត់ក្រុង​ទី៣នេះ​ សាងសង់​រួចរាល់​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ហាមឃាត់​រថយន្ត​ធុន​ធ្ងន់​ គ្រប់​ប្រភេទ​ទាំងអស់​ មិន​អនុញ្ញាត​ឲ្យ​ចរាចរណ៍​ ចូល​រាជធានី​ភ្នំពេញ​ទៀត​ឡើយ​៕