ព័ត៌មាន

ទូតអាមេរិកៈបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញវិនិយោគិនអាមេរិកកាន់តែច្រើន

ទូតអាមេរិកៈបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញវិនិយោគិនអាមេរិកកាន់តែច្រើន

ភ្នំពេញៈ បរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺអាចទាក់ទាញវិនិយោគិនអាមេរិក មកបណ្ដាក់ទុនបន្ថែមកាន់តែច្រើននាពេលអនាគត ហើយកាន់តែទាក់ទាញបន្ថែមទៀតនោះ ដោយសារតែកត្តាមួយចំនួន ដែលជាការសម្រួលដល់វិនិយោគិនអាមេរិក។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហអាមេរិកប្រចាំកម្ពុជាបានលើកឡើងកាលពីចុងសប្តាហ៍មុនថា បរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុ​ប្បន្ននេះ នឹងអាចទាក់ទាញវិនិយោគិនអាមេរិក ចូលមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ជាពិសេសកិច្ចសហការរវាងវិនិយោគិនអាមេរិក និងវិនិយោគិនកម្ពុជា ដែលអាចបង្កើតជាក្រុមហ៊ុនវិនិយោគធំៗនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា “តាមរយៈបទពិសោធន៍របស់លោក នៅក្នុងប្រទេសកម្ពុជាប៉ុន្មានឆ្នាំនេះលោកមើលឃើញថា បរិយាកាសនៅក្នុងប្រទេសកម្ពុជា គឺមានភាពងាយស្រួលសម្រា​ប់វិនិយោគិនអាមេរិកចូលមកបណ្ដាក់ទុន”។

លោកបន្តថា “ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ឃើញថាមានតម្លាភាពត្រឹមត្រូវ មានច្បាប់មានទំលាប់ច្បា​ស់លាស់ ហើយសេដ្ឋកិច្ចកម្ពុជាក៏ឃើញថា មានកំណើនជាបន្តបន្ទាប់ផងដែរ។ ដូច្នេះយើងជឿថាក្រុមហ៊ុនអាមេរិក ដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា នឹងកាន់តែរីកចម្រើនទៅមុខ និងមានដំណើរការល្អ”។

លោកឯកអគ្គរដ្ឋទូតបានបន្តទៀតថា វិនិយោគិនអាមេរិក ដែលចូលមកកម្ពុជាស្វែងរកការវិនិយោគនានា គឺមិនមានការលំបាកពីបញ្ហាភាសានោះទេ ។ បុគ្គលិកកម្មករនៅក្នុងប្រទេសកម្ពុជាមួយចំនួនធំ អាចនិយាយភាសាអង់គ្លេសបាន ជាមួយនឹងជំនាញច្បាស់​លាស់ ដែលជាកត្តាសម្រួលដល់វិនិយោគិនរបស់យើង ក្នុងការចូលមកស្វែងរកការវិនិយោគ និងបណ្ដាក់ទុនវិនិយោគ ។

ជាមួយគ្នានេះ លោក Gary Freedman វិនិយោគិនអាមេរិកមួយរូបដែលចូលបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកមួយបានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូន ដែលមានបទពិសោធន៍ជាង១០០ឆ្នាំនៅសហរដ្ឋអាមេរិក បានសម្លឹងមើលឃើញថា វិស័យដឹកជញ្ជូនសាច់ប្រាក់នៅកម្ពុជា គឺមានសក្ដានុពលក្នុងការធ្វើប្រតិបត្តិ ដូច្នេះហើយទើបក្រុមហ៊ុនរបស់លោក បានចូលកម្ពុជានិងបានសហការជាមួយក្រុមហ៊ុន ដឹកជញ្ជូនក្នុងស្រុករបស់កម្ពុជា WorldBride Secure Logistics ដើម្បីបង្កើតប្រតិបត្តិការដឹកជញ្ជូនក្រោមស្លាក Brink’s ហើយនឹងផ្ដល់នូវប្រតិបត្តិការដ៏ល្អជូនអតិថិជននៅក្នុងប្រទេសកម្ពុជា ។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge Group ក៏បានឱ្យដឹងផងដែរថា ក្នុងនាមជាអ្នកវិនិយោគនៅក្នុងប្រទេស លោកពិតជារីករាយនៅពេលមានក្រុមហ៊ុនលំដាប់អន្តរជាតិកាន់តែច្រើន ចូលមកក្នុងប្រទេសយើង ដើម្បីស្វែងរកឱកាសវិនិយោគ។

លោកបន្តថា តាមរយៈក្រុមហ៊ុនដែលមានបទពិសោធន៍ ធ្វើអាជីវកម្មនិងប្រតិបត្តិការជាង១០០ឆ្នាំ ក្រុមហ៊ុននេះនឹងផ្ដល់ប្រយោជន៍ដល់កម្ពុជា នូវបទពិសោធន៍និងមេរៀនជាច្រើនដល់កម្ពុជា ជាពិសេសជំនាញសម្រាប់ធនធានមនុស្សកម្ពុជា។ តាមរយៈក្រុមហ៊ុនដែលមានអាយុកាលជាង១០០ឆ្នាំនេះដែរ នឹងស្រូបទាញវិនិយោគិនអាមេរិក និងក្រុមហ៊ុនធំៗលំដាប់អន្តរជាតិជាច្រើនទៀត ចូលមកក្នុងប្រទេស ដើម្បីស្វែងរកការវិនិយោគទៅតាមជំនាញរបស់ពួកគេ៕