News

តំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗក្នុងខេត្តកំពង់ស្ពឺនឹងជំរុញសកម្មភាពទិញលក់ដីធ្លីកើតមានឡើងវិញនៅចុងឆ្នាំ២០២១

តំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗក្នុងខេត្តកំពង់ស្ពឺនឹងជំរុញសកម្មភាពទិញលក់ដីធ្លីកើតមានឡើងវិញនៅចុងឆ្នាំ២០២១

កំពង់ស្ពឺ ៖ ប្រតិបត្តិករ រួមជាមួយនឹងអ្នករកស៊ីនៅក្នុងទីផ្សារដីធ្លីក្នុងខេត្តកំពង់ស្ពឺបានបង្ហាញពីភាពជឿជាក់ថា យ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២១ ឬក្នុងត្រីមាសទី៣នៃឆ្នាំនេះ សកម្មភាពទិញលក់ និងតម្រូវការប្រើប្រាស់ដីធ្លីនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗនឹងមានកំណើនឡើងវិញជាក់ជាមិនខាន បន្ទាប់ពីការទប់ស្កាត់ជំងឺឆ្លងដោយការប្រើប្រាស់វ៉ាក់សាំងមានភាពទូលំទូលាយ។

លោកចាន់ មុន្នី ជាឈ្មួញរកស៊ីនៅក្នុងទីផ្សារដីធ្លីម្នាក់ក្នុងខេត្តកំពង់ស្ពឺបានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា នៅពេលបច្ចុប្បន្ននេះ ដោយសារតែបញ្ហានៃជំងឺឆ្លង ជាពិសេសក្រោមការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលបានធ្វើឱ្យទីផ្សារមួយនេះមានភាពស្ងប់ស្ងាត់ខ្លាំង ដែលសូម្បីតែអ្នកលក់ដីឡូតិ៍ត្រឹមតម្លៃជាង៤-៥ពាន់ដុល្លារក្នុងមួយឡូតិ៍ក៏ត្អូញពីរឿងអត់មានភ្ញៀវដែរ។

លោកបន្តថា “ខ្ញុំគិតថា នៅពេលនេះមិនមែនតែខ្ញុំនោះទេ អ្នករកស៊ីក្នុងវិស័យដីធ្លីភាគច្រើនក៏ជួបបញ្ហាដូចគ្នា ប៉ុន្តែបញ្ហានេះអាចនឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងអំឡុងចុងឆ្នាំ២០២១ខាងមុខនេះ ព្រោះពេលនេះរដ្ឋាភិបាលបាននាំយកវ៉ាក់សាំងមកចាក់ជូនប្រជាជនទូទៅ បន្ថែមពីលើវិធានការដែលដែលបានដាក់ចេញ ចឹងមិនយូរទៀតនោះទេ ភាពប្រឈមនឹងត្រូវបានកាត់បន្ថយ ហើយមនុស្សចាប់ផ្តើមចេញដើរច្រើនឡើងវិញ ខណៈដែលអ្នកវិនិយោគបរទេសដូចជាជនជាតិចិនក៏នឹងវិលមកកម្ពុជាដើម្បីបន្តគម្រោងវិនិយោគរបស់ពួកគេ”។

លោកចាន់ មុន្នី បានបន្តថា “បច្ចុប្បន្នយើងឃើញមានគម្រោងវិនិយោគថ្មីៗជាច្រើនត្រូវបានរដ្ឋាភិបាលអនុញ្ញាត ជាពិសេសគម្រោងបង្កើតរោងចក្រនៅតាមតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនក្នុងខេត្តកំពង់ស្ពឺ ដូច្នេះក្រោយពេលកម្ពុជាធ្លាក់ចុះនូវភាពប្រឈម អ្នកវិនិយោគថ្មីៗចាប់អនុវត្តគម្រោង នោះវានឹងជំរុញឱ្យតម្រូវការទិញលក់ដីធ្លីនៅតំបន់ក្បែរខាងគម្រោងមានសកម្មភាពឡើងវិញជាមិនខាន។ ក្នុងរយៈពេលជិតមួយឆ្នាំនេះ ខ្ញុំមិនខាតបង់លុយកាកនោះទេ ប៉ុន្តែខាតពេលវេលា ព្រោះដើមទុនមួយចំណែកធំជាប់គាំងនៅក្នុងដីលក់អត់ចេញ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យCentury21 Fortuna Investment លោកវ៉ា វីរៈ បានមានប្រសាសន៍ថា នៅត្រឹមចុងឆ្នាំ២០២១ ប្រសិនបើការទប់ស្កាត់ភាពរីករាលដាលនៃជំងឺត្រូវបានធ្វើឡើងដោយជោគជ័យ សកម្មភាពនៃការចេញទិញដីសម្រាប់វិនិយោគ និងអភិវឌ្ឍន៍នឹងចាប់ផ្តើមឡើងវិញ ដែលផ្តើមចេញពីអ្នកនៅក្នុងស្រុកមុន។

លោកបានបន្តថា “សម្រាប់តម្រូវការនៃការប្រើប្រាស់ដីសម្រាប់វិស័យឧស្សាហកម្មនៅក្នុងខេត្តកំពង់ស្ពឺបានក្លាយជាគោលដៅរបស់អ្នកវិនិយោគរួចទៅហើយ ដោយសារតែគេឃើញមានគម្រោងសាងសង់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកើតមាននៅក្នុងខេត្តមួយនេះ ហើយក្រៅពីនេះក៏មានគម្រោងអភិវឌ្ឍន៍ជាបណ្តុំលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមផងដែរ ជាពិសេសនៅតាមផ្លូវ៤១ និងផ្លូវ៥១ជាដើម”។

 

លោកបន្តឱ្យដឹងថា នៅពេលដែលគម្រោងអភិវឌ្ឍន៍នានាចាប់ផ្តើមមានសកម្មភាព ដូចជាគម្រោងតំបន់សេដ្ឋកិច្ចពិសេសនៅផ្លូវ៤១ នៅផ្លូវ៤៤ ជាពិសេសគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន OCIC វានឹងក្លាយជាចលករជំរុញឱ្យតម្រូវការប្រើប្រាស់ដីធ្លីកើតមានកាន់តែច្រើន ហើយតម្លៃក៏នឹងមានការកើនឡើងផងដែរ៕