ព័ត៌មាន

ខេត្តព្រះសីហនុនឹងអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ខេត្តព្រះសីហនុនឹងអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចិនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់សេវាកម្មរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង កាលពីថ្ងៃទី១៨ តុលាឆ្នាំ ២០២១ ថា ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្រ្ត ក្នុងរយៈពេលមធ្យមនិងវែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការ បើក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោកបន្តថា “បណ្ដាប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុជាតំបន់ដែលមានឧត្ដមភាពខ្ពស់សម្រាប់ការអភិវឌ្ឍ ដោយសារហេតុនេះមែនភូមិសាស្ត្រនៅជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរជាច្រើន។”

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំង ពោលគឺបានប្រែក្លាយពីខេត្តដែលស្ងៀមស្ងាត់ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹក ក្នុងវិស័យទេសចរណ៍និងវិស័យឧស្សាហកម្ម ជាពិសេសតែជាតំបន់តភ្ជាប់ផលិតកម្មនិងពាណិជ្ជកម្មក្នុងស្រុកយ៉ាងសំខាន់ ទៅនឹងបណ្ដាប្រទេសនានាក្នុងតំបន់។
លោកបានមានប្រសាសន៍ថា ឈរលើមូលដ្ឋាននេះការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានគោលបំណង
១.ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចយ៉ាងច្រើនដែលខេត្តព្រះសីហនុមាន ស្របទៅនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក។
២. ដើម្បីចាប់យកកាលានុវត្តថ្មីៗនិងទាក់ទាញបន្ថែមនូវការវិនិយោគនិងធុរកិច្ច ដែលកើតចេញពីការផ្លាស់ប្ដូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ចូលមកកាន់កម្ពុជា ក្រោយពីវិបត្តិកូវីដ១៩ សំដៅពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ប្រកបដោយចីរភាពនិងភាពធន់។

រដ្ឋាភិបាលបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តនេះឲ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងនិងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយនិងការទាក់ទាញនិងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានឆ្ពោះទៅជា “ក្បាលម៉ាស៊ីន” មួយថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ផែនការមេនេះកំណត់គោលដៅអភិវឌ្ឍន៍ប្រែក្លាយខេត្តព្រះសីហនុជា៖
១. ទីក្រុងដ៏ល្បីនិងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
២. តំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត (smart technology)
៣. តំបន់ប្រកបដោយបរិស្ថានបៃតងនិងតំបន់ឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមបម្រើឱ្យខ្សែរច្រវាក់ផលិតកម្ម ក្នុងតំបន់និងសាកលលោក
៤. ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការផ្ដល់ការងារជូនដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទំាងមូល។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ផែនការមេនេះជាផែនទីចង្អុលផ្លូវសម្រាប់ការវិនិយោគសម្បូរបែបនៅក្នុងខេត្តព្រះសីហនុ ដោយមានភ្ជាប់ផែនការសកម្មជាក់លាក់ សម្រាប់ការអនុវត្តដែលឆ្លុះបញ្ចាំងច្បាស់ពីកាលានុវត្តភាព សម្រាប់ការវិនិយោគរបស់វិស័យក្នុងបរិបទសកម្ម 4.0 រួមបញ្ចូលទាំងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមានគុណភាពខ្ពស់វិស័យឧស្សាហកម្ម កសិកម្ម សេវាកម្ម ទេសចរណ៍និងការរស់នៅប្រកបដោយសុខុមាលភាពមស្របទៅតាមទិសដៅការអភិវឌ្ឍន៍បៃតងនិងប្រកបដោយចីរភាព៕