News

ការទិញ​អចលនវត្ថុ​ទុក​យូរ​ដោយ​គ្មាន​ការវិនិយោគ​បន្ត​អាច​ក្លាយជា​បំណុល

ការទិញ​អចលនវត្ថុ​ទុក​យូរ​ដោយ​គ្មាន​ការវិនិយោគ​បន្ត​អាច​ក្លាយជា​បំណុល

ភ្នំពេញ ៖ នៅក្នុង​វិស័យ​អចលនទ្រព្យ​ត្រូវបាន​គេ​បែង​ចែកចេញ​ជាច្រើន​ប្រភេទ​ច្រើន​ផ្នែក ហើយ​ការវិនិយោគ​ទៀតសោត​ក៏ត្រូវ​បានធ្វើ​ឡើង​ក្នុង​រូបភាពផ្សេងៗ ប៉ុន្តែ​ក្នុងនោះ​អ្វី​ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​គឺ​ការទិញ​លក់​អចលនវត្ថុ ដោយហេតុថា ងាយ​ទទួលបាន​ផលចំណេញ ចំណាយ​ទុន​តិច ប្រើពេល​វេលា​ខ្លី។

អនុប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក​ឡោ វិចិត្រ​ បាន​មានប្រសាសន៍​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា ការទិញ​អចលនវត្ថុ​ទុក​លក់​យកចំណេញ​មិនមែន​សុទ្ធតែ​អាចធ្វើ​ទៅបាន​សម្រេច១០០ភាគរយ​គ្រប់គ្នា​នោះទេ ជួនកាល​ក៏មាន​អ្នកខ្លះ​ផុងខ្លួន ឬ​ខាតបង់​ទាំង​ធនធាន និង​ពេលវេលា ដែល​អាច​ចាត់ទុកថា​ជា​បំណុល​ពី​ការវិនិយោគ​ថែមទៀត​ផង។

លោក​បានលើកឡើង ការវិនិយោគ គឺជា​ការទិញ​ទុក​សម្រាប់​លក់​បន្ត​យកចំណេញ ហើយ​ព្យាយាម​ធ្វើឱ្យបាន​នៅក្នុង​រយៈពេល​ខ្លី ដើម្បី​អាច​យក​ផលចំណេញ ហើយ​ធ្វើជា​ទុនវិនិយោគ​នៅ​ទីតាំង​ថ្មី​ផ្សេងទៀត​ដែល​ប្រាកដថា​អាច​ទទួលបាន​ផល​វិជ្ជមាន​ក្នុង​អត្រា​ខ្ពស់។

លោក​ឡោ វិចិត្រ បាន​បញ្ជាក់ថា “នៅពេលដែល​អ្នកចំណាយ​ទុនទិញ​អចលនវត្ថុ​ណាមួយ​មក​ធ្វើជា​កម្មសិទ្ធិ នោះ​វា​អាច​កើតមាន​រូបភាព២ គឺ​អាចជា​ទ្រព្យ ឬ​អាចជា​បំណុល​ពី​ការវិនិយោគ។ នៅពេល​អ្នកទិញ​ក្នុងតម្លៃ​មួយ​ទាប ហើយ​លក់​ចេញ​ទៅវិញ​ក្នុង​រយៈពេល​ខ្លី​ដោយ​ទទួលបាន​ផលចំណេញ​ណ​ពី​ការលក់ មិន​ថា​ផលចំណេញ​នោះ​តិច ឬ​ច្រើន​វា​គឺជា​ទ្រព្យធន​ដែល​ទទួលបាន​ពី​ការវិនិយោគ​របស់​អ្នក។ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ដែល​អ្នកទិញ​អចលនវត្ថុ​ក្នុងតម្លៃ​មួយ​ខ្ពស់ មិន​ថា​អ្នក​បង់លុយ​ដាច់ ឬ​ទិញ​ដោយ​រំ​លោះ​ដោយ​ជាប់​ចំណង​ការប្រាក់​នោះទេ នៅពេលដែល​អ្នក​ទុកចោល​យូរ​ដោយ​គ្មាន​សកម្មភាព​វិនិយោគ​បន្ត នោះ​វា​នឹង​ក្លាយទៅជា​បំណុល​ជាមិនខាន” ។

លោក​បាន​ពន្យល់ថា អចលនវត្ថុ​មួយ​ដែល​ត្រូវបាន​ទិញ​ដោយ​បង់​ផ្ដាច់​ក្នុងតម្លៃ​ព្រមព្រៀង​មួយ ហើយ​មិនយូរប៉ុន្មាន​ផង​មាន​គេ​ឱ្យ​តម្លៃលើស​ថ្លៃដើម សូមកុំ​ស្ទាក់ស្ទើរ គឺ​ត្រូវតែ​លក់​ដើម្បី​បាន​បង្កើន​ទុន​សម្រាប់ធ្វើ​ការវិនិយោគ​ថ្មី​បន្ត។ ជាមួយគ្នានេះ ប្រសិនបើ​ទិញ​អចលនវត្ថុ​មួយ​ដោយ​ការបង់​រំ​លោះ ហើយ​មិនយូរប៉ុន្មាន​តម្លៃ​អចលនវត្ថុ​នោះ​ត្រូវបាន​គេ​ឱ្យ​ថ្លៃ​ជាង​តម្លៃ​ដើម​រួមទាំង​អត្រា​ការប្រាក់ ក៏​ត្រូ​រ​តែ​លក់​យកចំណេញ។ កាលដែល​ទុក​អចលនវត្ថុ ហើយ​រង់ចាំ​ការទទួលបាន​តម្លៃ​ថ្លៃ​ដូច​ការរំពឹងទុក​គឺមាន​អត្រា​ទាប​បំផុត លើសពីនេះ​អ្នក​អាច​ចំណាយពេល​យូរ​ក្នុង​ការរង់ចាំ ហើយ​ការបង់​អត្រា​ការប្រាក់​ក៏​កាន់តែច្រើន ដូច្នេះ​ការទន្ទឹងរង់ចាំ​តម្លៃ​ខ្ពស់​របស់​អ្នក​អាចជា​ការខាតបង់​ទាំង​ទ្រព្យ ខាត​ទាំង​ពេលវេលា ដែល​ចំណុច​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បំណុល​នៃ​ការវិនិយោគ៕