ព័ត៌មាន

រដ្ឋាភិបាលទទួលបានការបោះទុនវិនិយោគជិត៣០០០លានដុល្លារពីគម្រោងថ្មីៗចំនួន៩៥ក្នុងរយៈពេល៧ខែដំបូង

រដ្ឋាភិបាលទទួលបានការបោះទុនវិនិយោគជិត៣០០០លានដុល្លារពីគម្រោងថ្មីៗចំនួន៩៥ក្នុងរយៈពេល៧ខែដំបូង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ៩៥ ដែលមានទុនវិនិយោគសរុបចំនួនជាង ២ ៩៦៩លានដុល្លារ និងបង្កើតការងាររាប់ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ។ នេះបើយោងទិន្នន័យពី CDC។

ទិន្នន័យបានបង្ហាញថា CDC គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មចំនួន៨៧គម្រោង ដែលមានទុនវិនិយោគ សរុបចំនួន២ ៩៦៩ ៦២៩ ៣៣៨ ដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន៥០ ០២៩កន្លែង។

CDC បានឱ្យដឹងទៀតថា នៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៨ ដែលមានទុនវិនិយោគសរុបចំនួន៧១.៤លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។

ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជាជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ក៏កម្ពុជានៅតែទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា បើទោះបីកម្ពុជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅតែមានការអនុម័តនូវគម្រោងវិនិយោគថ្មីៗមិនដាច់។

សម្តេចតេជោបានថ្លែងថា “សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដំបូងឡើយព្យាការណ៍ថា នឹងមានកំណើន៤.១ភាគរយ នៅឆ្នាំ២០២១ ប៉ុន្តែការរំខានរបស់ជំងឺកូវីដ១៩ យើងព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹមតែ ២.៥ភាគរយប៉ុណ្ណោះ”។

សម្តេចតេជោបានបន្ថែមថា ក្នុងអំឡុងពេលជួបវិបត្តិនៃជំងឹកូវីដ១៩នេះ សេដ្ឋកិច្ចរបស់កម្ពុជា ពឹងផ្អែកខ្លាំងទៅលើវិស័យកសិកម្ម។ សម្តេចបញ្ជាក់ថា ទោះបីកម្ពុជាជួបវិបត្តិក្តី តែកម្ពុជាមិនបារម្ភពីការខ្វះខាតស្បៀងនោះទេ ដោយសម្តេចបញ្ជាក់ថា “ធ្វើយ៉ាងណាកុំឲ្យខ្វះអង្ករច្រកឆ្នាំង”។

សម្តេចបញ្ជាក់ថា ការនាំចេញផលិតផលកសិកម្ម នៅរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ មានកើនឡើងលើសការរំពឹកទុក ថ្វីត្បិតតែការនាំចេញអង្ករមានការធ្លាក់ចុះបន្តិច ប៉ុន្តែការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងទៅកាន់ប្រទេសអារ៉ាប់រួម មានកំនើនរហូតដល់២០០ភាគរយ។ ជាមួយគ្នានេះ ការនាំចេញគ្រាប់ស្វាយចន្ទី កើនឡើងជិត៣០០ភាគរយ រួមទាំងការនាំចេញស្វាយ ចេក ដែលសរុបនៃការនាំចេញទាំងអស់ មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។

ទាក់ទងនឹងគម្រោងវិនិយោគរថ្មីៗ ដែល CDC បានអនុម័តវិញ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ដែលជាប្រទេសបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ហើយទឹកប្រាក់ដែលចិន បានវិនិយោគនៅកម្ពុជាមានប្រមា​ណ២ពាន់លានដុល្លារ។

របាយការណ៍បានបញ្ជាក់ថា តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១% នៃការវិនិយោគសរុប។

សម្រាប់ប្រទេសឈរលេខ៣ គឺប្រទេស Cayman Islands ចំនួន៣.៣៦% (ប្រមា​ណ៩៩លានដុល្លារ) នៃការវិនិយោគសរុប, លេខ៤ ប្រទេស Ritisgh Virgin Islands ចំនួន២.៣៧% (ប្រមាណ៧០លានដុល្លារ) នៃការវិនិយោគសរុប, ប្រទេសថៃ ឈរលេខរៀងទី៥ ចំនួន១.៧៧% (ប្រមាណ៥២លានដុល្លារ) នៃការវិនិយោគសរុប, ប្រទេសសិង្ហបុរី ឈរលេខរៀងទី៦ ចំនួន០.៦៨% (ប្រមាណ២០លានដុល្លារ) នៃការវិនិយោគសរុប, ប្រទេសកូរ៉េខាងត្បូង ឈរលេខរៀងទី៧ ចំនួន០.៦៧% (ប្រមាណ១៩លានដុល្លារ) នៃការវិនិយោគសរុប។

ប្រទេសម៉ាឡេស៊ី ឈរលេខរៀងទី៨ ដែលវិនិយោគមកកាន់កម្ពុជាចំនួន០.៥៦% (ប្រមាណ១៦លានដុល្លារ) នៃការវិនិយោគសរុប។ រីឯសហរដ្ឋអាមេរិកឈរលេខរៀងទី៩ ចំនួន០.៣២% (ប្រមាណ៩លានដុល្លារ) នៃការវិនិយោគសរុប និងប្រទេសសាម័រ ឈរលេខរៀងទី១០ ចំនួន០.១៣% (ប្រមាណ៣លានដុល្លារ) នៃការវិនិយោគសរុប៕