ព័ត៌មាន

ក្រុមហ៊ុនលំដាប់យក្សរបស់ម៉ាឡេស៊ីមួយររកបានចំណូលខ្ពស់ពីទីផ្សារកម្ពុជា

ក្រុមហ៊ុនលំដាប់យក្សរបស់ម៉ាឡេស៊ីមួយររកបានចំណូលខ្ពស់ពីទីផ្សារកម្ពុជា

ភ្នំពេញ: យោងតាមការព្យាករបង្ហាញថា ក្រុមហ៊ុនវិស្វកម្មខ្នាតយក្សរបស់ម៉ាឡេស៊ី Muhibbah Engineering Bhd នឹងទទួលបានប្រាក់ចំណូលខ្ពស់ ក្នុងឆ្នាំសារពើពន្ធ ២០២១-២០២២ ដោយសារអាជីវកម្មសម្បទានអាកាសយានដ្ឋាន (Airport Concession) របស់ខ្លួនទទួលបានប្រាក់ចំណូលខ្ពស់ ហើយផ្នែកសំណង់របស់ខ្លួនក៏ងើបឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន Malaysian Reserve ចុះផ្សាយកាលពីថ្ងៃទី១ មេសា។

ធនាគារវិនិយោគម៉ាឡេស៊ី MIDF Amanah Investment Bank បានលើកឡើងកាលពីថ្ងៃទី៣១ មីនា ថា កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបានជោគជ័យទូទាំងពិភពលោក នឹងជួយជំរុញសន្ទុះនៃការងើបឡើងក្នុងវិស័យហោះហើរ ដែលអាចជួយឱ្យក្រុមហ៊ុនដ៏ធំមួយនេះ ទទួលបានចំណូលខ្ពស់ពីអាជីវកម្មសម្បទាន ព្រលានយន្តហោះរបស់ខ្លួន។

តាមរយៈរបាយការណ៍មួយ ធនាគារនេះបានលើកឡើងថា “យើងយល់ឃើញថា ទស្សនវិស័យនៃអាកាសយានដ្ឋាននៅកម្ពុជា ដែលក្រុមហ៊ុននេះកាន់កាប់២១% និងដែ​លជួយរកចំណូលបានរហូតដល់ទៅ៧០% នៃប្រាក់ចំណូលសរុបរបស់ក្រុមនេះ នឹងងើបឡើងសន្សឹមៗរយៈពេល២ឆ្នាំ បន្ទាប់ដោយសារការបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងពិភពលោក ជាពិសេសប្រទេសចិន សហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍”។

របាយការណ៍ដដែលបន្ថែមទៀតថា ការហោះហើរអន្តរជាតិក៏នឹងមានសន្ទុះកើនឡើងផងដែរ នៅពេលព្រំដែននៃប្រទេសនានាបើកឡើងវិញ ដែលអាកាសយានដ្ឋាននៅកម្ពុជា នឹងទាក់ទាញអ្នកដំណើរជនជាតិចិន នៅក្នុងស្រុកបានច្រើន។

ធនាគារវិនិយោគខាងលើបានលើកឡើងថា យើងយល់ថា ការណ៍នេះទំនងជានឹងជួយបង្កើនចំនួនអ្នកធ្វើដំណើរផ្លូវអាកាស សម្រាប់អាកាសយានដ្ឋាននានារបស់ក្រុមហ៊ុននេះនៅកម្ពុជា។ ជាការកត់សម្គាល់ប្រហែល១ភាគ៣ នៃអ្នកដំណើរទៅកាន់អាកាសយានដ្ឋានទាំងនេះជាពលរដ្ឋចិន។ ដូចនេះ សន្ទុះនៃកំណើនប្រាក់ចំណូល សម្រាប់ក្រុមនេះត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកលទ្ធផលវិជ្ជមាន ដោយពឹងផ្អែកលើការងើបឡើងវិញ នៃកំណើនថ្លៃសំបុត្រយន្តហោះក្នុងតំបន់ និងចំនួនអ្នកធ្វើដំណើរនៅអាកាសយានដ្ឋាននានារបស់ខ្លួននៅកម្ពុជា”។

កត្តានេះក៏ទំនងជាធ្វើឱ្យថ្លៃសំបុត្រយន្តហោះ ឡើងថ្លៃជិតដល់កម្រិតមុនពេលផ្ទុះវិបត្ដិកូវីដ-១៩ផងដែរ។

ទន្ទឹមនេះ ផ្នែកសំណង់និងដងស្ទូចរបស់ក្រុមហ៊ុន Muhibbah Engineering ក៏កំពុងឆ្ពោះទៅរកការងើបឡើងវិញផងដែរ ដោយផ្អែកលើការបញ្ជាទិញដងស្ទូចយ៉ាងច្រើ​នក្នុងទំហំទឹកប្រាក់រហូតដល់១០១,៤ លានរីងហ្គីត (២៤,៥ លានដុល្លារអាមេរិក) ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Favelle Favco Bhd ទទួលបានក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១៕