ព័ត៌មាន

World Bank

World Bank

ធនាគារពិភពលោក ឬ World Bank គឺជាស្ថាប័នហិរញ្ញវត្ថុដ៏មានឥទ្ធពល ព្រោះធនាគារនេះតែងតែផ្ដល់កម្ចី ដល់ប្រទេសនានាជុំវិញពិភពលោក ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដោយគិតអត្រាការប្រាក់ទាប និងបានផ្ដល់ជំនួយឥតសំណង ព្រមទាំងជំនួយមនុស្សធម៌ផងដែរ។

ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា តើធនាគារមួយនេះផ្ដល់ជំនួយលើផ្នែកអ្វីខ្លះ មានស្ថាប័នក្រោមចំណុះប៉ុន្មាន និងមានសមាជិកប៉ុន្មានប្រទេ​ស? ចម្លើយធនាគារ World Bank ត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែក ក្កដា ឆ្នាំ១៩៤៤ និងមានទីស្នាក់ការកណ្តាលនៅវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ហើយមានសមាជិករហូតដល់ទៅ១៨៩ប្រទេស។

ស្ថាប័នធនាគារពិភពលោកទាំងមូល មានស្ថាប័នអន្តរជាតិចំនួន៥ ដែលផ្តល់ឥណទាន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ វាជាធនាគារអភិ​វឌ្ឍន៍ដ៏ធំបំផុត និងល្បីល្បាញបំផុតក្នុងពិភពលោក ហើយវាក៏ដើរតួនាទីជាអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ (UN) ផងដែរ។

ធនាគារនេះ មានបេសកកម្មសម្រេចគោលដៅដ៏សំខាន់២ គឺបញ្ចប់ភាពក្រីក្រ និងកសាងវិបុលភាពរួម ឬភាពរុងរឿងសប្បូរសប្បាយទាំងអស់ គ្នា។ អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងបំផុត នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ធនាគារ World Bank បានបញ្ចេញប្រាក់រហូតដល់ទៅ១៥៧ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ មកលើសុខាភិបាលសាធារណៈ សេដ្ឋកិច្ច និងសង្គម។ក្នុងរយៈពេល១៥ខែមកនេះ គិតចាប់ពីថ្ងៃទី០១ មេសា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័ររបស់ធនាគារនេះ។

ធនាគារ World Bank មានស្ថាប័នធំៗចំនួន៥ នៅក្រោមចំណុះដូចជា ធនាគារអន្តរជាតិដើម្បីការកសាងឡើងវិញ និងការអភិវឌ្ឍន៍ (International Bank for Reconstruction and Development (IBRD)) សមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association (IDA)) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation (IFC)) ទីភ្នាក់ងារធានាលើការវិនិយោគពហុភាគី (Multilateral Investment Guarantee Agency (MIGA)) និងមជ្ឈមណ្ឌលអន្តរជាតិ ដើម្បីការដោះស្រាយវិវាទវិនិយោគ (International Centre for Settlement of Investment Disputes (ICSID))។ ពេលខ្លះធនាគារ IBRD និងសមាគមអភិវឌ្ឍន៍អន្តរជាតិ IDA ត្រូវបានគេហៅរួមគ្នាថាធនាគារពិភពលោក។

សកម្មភាពរបស់ធនាគារពិភពលោក (ធនាគារ IBRD និងសមាគមអភិវឌ្ឍន៍អន្តរជាតិ IDA) ផ្ដោតសំខាន់លើបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុង វិស័យសំខាន់ៗដូចជា ការលើកកម្ពស់សិទ្ធិមនុស្ស (ឧទាហរណ៍ការអប់រំ សុខាភិបាល) ការការពារបរិស្ថាន (ឧទាហរណ៍ការកាត់បន្ថយការបំពុលបរិ ស្ថាន ការបង្កើត និងការអនុវត្តបទប្បញ្ញត្តិនានា) ហេដ្ឋារចនាសម្ព័ន្ធ (ឧទា​ហរណ៍ផ្លូវថ្នល់ និងអគ្គិសនី) គម្រោងសំណង់ឧស្សាហកម្មធំៗ និងអភិបាលកិច្ច (ឧទាហរណ៍ការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍស្ថាប័នច្បាប់)។

ធនាគារពិភពលោក (ធនាគារ IBRD និងសមាគមអភិវឌ្ឍន៍អន្តរជាតិ IDA) ផ្ដល់កម្ចីការប្រាក់ទាប ទៅដល់បណ្ដាប្រទេសជាសមាជិក ព្រមទាំងជំនួយឥតសំណង ទៅដល់បណ្ដាប្រទេសក្រីក្របំផុតផងដែរ។

ការផ្តល់ឥណទាន ឬ ជំនួយឥតសំណង សម្រាប់គម្រោងជាក់លាក់ណាមួយ ច្រើនតែពាក់ព័ន្ធទៅនឹងការកែប្រែ គោលនយោបាយទូលំទូលាយនៅក្នុងវិស័យណាមួយ ឬសេដ្ឋកិច្ចរបស់ប្រទេសមួយទាំងមូល។

ឧទាហរណ៍ កម្ចីសម្រាប់ការកែលម្អ ការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ ត្រូវភ្ជាប់ទៅនឹងការអភិវឌ្ឍស្ថាប័នបរិស្ថានថ្មី នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការអនុវត្តបទប្បញ្ញត្តិថ្មីៗ ដើម្បីកម្រិតការបំពុលបរិស្ថានជាដើម៕