News

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋនៅក្រុងព្រះសីហនុនៅតែបន្តឆ្ពោះទៅមុខ ទោះបីកំពុងប្រឈមបញ្ហាកូវីដ១៩

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋនៅក្រុងព្រះសីហនុនៅតែបន្តឆ្ពោះទៅមុខ ទោះបីកំពុងប្រឈមបញ្ហាកូវីដ១៩

ភ្នំពេញៈ ការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋ នៅក្នុងក្រុងព្រះសីហនុ នៅតែដំណើរការជាប្រក្រតី ទោះបីជាខេត្តនេះកំពុងរងនឹងវិបត្តិជំងឺកូវីដ១៩ធ្ងន់ធ្ងរបន្តិតចក្តី។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១២ មិនានេះថា ទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែសកម្មភាពនៃការស្ថាបនាផ្លូវទាំង៣៤ខ្សែ បានឈានទៅមុខតាមផែនការ ដោយយើងគ្រោងបញ្ចប់នៅដំណាច់ខែមិនានេះ។

លោកបន្តថា បច្ចុប្បន្នការចាក់អ៊ុតកៅស៊ូ សម្រេចបានប្រមាណ៩០ភាគរយហើយ ការបំពាក់អំពូលភ្លើង ក៏សម្រេចបានប្រមាណ៧០ភាគរយផងដែរ។ ចំណែកការរៀបចំចិញ្ចើមផ្លូវក៏ជិតរួចរាល់តាមផែនការ ដែលបានគ្រោងទុក។លោកបន្តថា ដោយឡែកផ្លូវចំនួន១១ខ្សែទៀត ដែលបាននិងកំពុងស្ថាបនាយ៉ាងសកម្ម ក៏បានឆ្ពោះទៅមុខយ៉ាងរលូន​ផងដែរ គិតរហូតមកទល់ពេលនេះ។

លោកភារម្យបានបន្តថា “ជំងឺកូវីដមិនអាចរារាំងសកម្មភាព សាងសង់ហេដ្ឋារចនាសម្ព័ន្ឋនេះទេ ដោយសារអាជ្ញាធរខេត្តបានរៀបចំវិធានការណ៍ និងដាក់ចេញផែនការការ​ងារបានត្រឹមត្រីវ”។

ទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងថា ខេត្តបានបិទទីតាំងជាង៤០កន្លែង ក្នុងនោះទីតាំងពីរកន្លែងត្រូវបានអាជ្ញាធរខេត្តអនុញ្ញាត្តឲ្យបើកដំណើរការឡើងវិញហើយ ខណៈអ្នកត្រូវយកសំណាកនិងជាប់ចត្តាឡីស័ក្តមានប្រមាណ១០,០០០នាក់៕