ព័ត៌មាន

Gold Tower42 Project

Gold Tower42 Project

ចាប់ផ្តើមបង្អូតសម្រស់ បើទោះជាការសាងសង់យឺតបន្តិចក្តី   មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ២៤០លាន​ដុល្លារ Gold Tower42 បាននិងកំពុងបំពាក់កញ្ចក់ព៌ណមាសជុំវិញដ៏ឆើតឆាយ និងបង្អួតសម្រស់ទៅលើលំហរមេឃ ខណៈសំណង់នេះបានសាងសង់យឺតជាងផែនការ និងជួបវិបត្តិពីរលើកក្តី។

មជ្ឈមណ្ឌលពាណិជ្ជកម្ម Gold Tower42 ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះដោយ​មានផ្សារទំនើប ការិយាល័យ ខុនដូ បន្ទីរពេទ្យ និសេវាកម្មចម្រុះជាច្រើនទៀត។

នៅពេល​បញ្ចប់​ការសាងសង់ Gold Tower 42 នឹងមាន​កំពស់​រហូត​ដល់១៩២ម៉ែត្រ ហើយ​វា​នឹង​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​ទី១ នៅ​ក្រុងភ្នំពេញ​នា​ឆ្នាំ២០១៩នេះ ខណៈ​អាគារ​ខ្ពស់​ផ្សេងទៀត​មិនទាន់​បានបញ្ចប់​ការសាងសង់។
លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន YUNWOO ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពីពេល​ប្រកាស​ចាប់ផ្តើម​សាងសង់​អាគារ​នេះ​ ជាថ្មីកាលពី​ចុង​ឆ្នាំ២០១៨កន្លងមកថា អាគារ​នេះ ​បាន​ចំណាយ​ប្រាក់​សាងសង់​អស់១០០លាន​ដុល្លារ​ហើយ និង​ត្រូវចំណាយ​ប្រាក់១៤០លាន​ដុល្លារ​ទៀត។

តាមផែនការ ដើម្បី​បញ្ចប់​គំរោង​នេះ​នៅ​ចុងឆ្នាំ២០១៩ ប៉ុន្តែការសាងសង់បានជាប់គាំង និងយឺតជាងផែនការជាបន្តបន្ទាប់ ដែលធ្វើឲ្យមជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​រួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិយាល័យ ខុន​ដូ​សរុប​ចំនួន៣៩៩យូ​នី​តនេះ បានពន្យាពេលបញ្ចប់និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការរហូតមកទល់ពេលនេះ។

ក្រុមហ៊ុន YUNWOO បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន Hongtao Decoration និង​ក្រុមហ៊ុន​សាងសង់​ឈ្មោះ Waiman Construction& Engineering ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ដើម្បីសាងសង់បញ្ចប់អាគារនេះ។
អាគារ Gold Tower 42 បាន​ផ្អាក​ការសាងសង់​នៅ​ឆ្នាំ២០១០ ខណៈដែល​ក្រុមហ៊ុន​សាងសង់​បានបញ្ចប់​ត្រឹម​ជាន់​ទី៣១ នៃ​អាគារ​កំពស់៤២ជាន់​នេះ។

មានពាក្យចចាមអារ៉ាមថា Gold Tower42 ត្រូវបានទិញយកដោយក្រុមហ៊ុន Prince Holding Group ប៉ុន្តែមិនមានព៌តមានផ្លួវការណាមួយលើកឡើង ឬថ្នាក់ដឹកនាំក្រុមហ៊ុន Prince Holding Group បញ្ជាក់ពីព៌តមាននេះឡើយ៕