News

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ កំពុង​ចាក់ដី​រៀបចំ​បង្កើត​ឧទ្យាន​ជាតិ ទំហំ ៧៥ហិកតានៅ​បឹង​តា​មោក

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ កំពុង​ចាក់ដី​រៀបចំ​បង្កើត​ឧទ្យាន​ជាតិ ទំហំ ៧៥ហិកតានៅ​បឹង​តា​មោក

ភ្នំពេញៈ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ចាក់ដី​លុប​បឹង​តា​មោក​ទំហំ៧៥ហិកតា​ដើម្បី​រៀបចំ និង​បង្កើតជា​ឧទ្យាន​ជាតិ​រាជធានី​ភ្នំពេញ ក្រោម​ការទទួលបាន​កា​រ​អនុញ្ញាត​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួម​ជាមួយនឹង​បង្កើតឱ្យមាន​ពិភព​បៃតង ដោយ​ការត្រៀម​កូនឈើ​ដាំ​រហូតដល់​ប្រមាណ ១០ម៉ឺន​ដើម។

អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បានបញ្ជាក់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងមក​ថា រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ខែមីនា ឆ្នាំ២០២០កន្លងទៅ បានសម្រេច​យល់ព្រម ផ្តល់​ផ្ទៃ​បឹង​តា​មោក​ទំហំ៧៥ហិកតា ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប្រគល់ឱ្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​បង្កើតជា​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ។លោក​បាន​បន្តថា “ពេលនេះ​យើង​បាន​ចាក់ដី​លុប​បំពេញ និង​ព័ទ្ធ​ទីតាំង​គម្រោង​ដែល​នឹងត្រូវ​រៀបចំ​បង្កើត​ឧទ្យាន​ជាតិ រាជធានី​ភ្នំពេញ ដែលមាន​ទំហំ៧៥ហិកតា​បាន​ជិត​រួចរាល់​ហើយ” ។ លោក​បន្តថា “ប៉ុន្តែ​នៅ​មិនទាន់​អាច​កំណត់​ពេលវេលា​ជាក់លាក់ ក្នុងការ​ចាប់​បើក​ការដ្ឋាន​នៅឡើយ​នោះទេ ដោយសារតែ​បញ្ហា​នៃ​ជំងឺ​កូ​វីដ​កំពុង​រាតត្បាត។ ពេលនេះ​ត្រូវ​ប្រយុទ្ធ​ជាមួយ​កូ​វីដ ហើយ​ត្រៀម​ថវិកា​សម្រាប់​ប្រើប្រាស់​បន្ទាន់ ក្នុងការ​អនុវត្ត​ជាក់ស្ដែង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​សិន” ។លោក​ឃួ​ង ស្រេង បញ្ជាក់​ឱ្យដឹងថា នៅក្នុង​ការរៀបចំ​បង្កើត​ជា​ឧទ្យាន​ជាតិ​ដ៏​ធំ​ប្រចាំរាជធានី​ភ្នំពេញ​មួយ​នេះ ក៏មាន​ការរៀបចំ​បង្កើត​ជា​សួនច្បារ នៃ​ពិភព​បៃតង​ផងដែរ ដោយមាន​ការត្រៀម​កូនឈើ សម្រាប់​ដាំ​នៅក្នុង​បរិវេណ​ចំនួន១០ម៉ឺន​ដើម ហើយ​បច្ចុប្បន្ន​កូនឈើ ដែល​ត្រៀម​ដាក់​ដាំ​ក៏​ដុះ​លូតលាស់​ល្អធំៗរួចរាល់​ហើយ​ដែរ ពោលគឺ​នៅ​រង់ចាំតែ​ពេល​ចាប់​អនុវត្តន៍​តែប៉ុណ្ណោះ៕