News

ចំណេះដឹង​នគ​រូប​នី​យក​ម្មៈ គោលការណ៍​បី​នៃ​ការបែងចែក​ដីធ្លី​ដែល​អ្នក​គួរស្វែងយល់

ចំណេះដឹង​នគ​រូប​នី​យក​ម្មៈ គោលការណ៍​បី​នៃ​ការបែងចែក​ដីធ្លី​ដែល​អ្នក​គួរស្វែងយល់

ភ្នំពេញៈ នៅក្នុង​ចក្ខុវិស័យ​ស្តីពី គោលនយោបាយ​ដីធ្លី​នៅ​កម្ពុជា គឺ​ដីធ្លី​ត្រូវបាន​គ្រប់គ្រង រៀបចំ និង​បែងចែក​តាមរបៀប​មួយ ដើម្បី​រួមចំណែក​ធ្វើឱ្យ​សម្រេច​នូវ​គោលដៅ​ជាតិ​ដ៏​ទូលំទូលាយ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ អភិបាលកិច្ច​ល្អ​នៅក្នុង​សង្គម​ប្រជា​ធិ​តេ​យ្យ ដែល​តម្រង់ទិស​ទៅរក​ទីផ្សារ​ដូច​បាន​ពិពណ៌នា នៅក្នុង​សេចក្តីប្រកាស​ស្តីពី​គោលនយោបាយ​ដីធ្លី។

យោងតាម​ឯកសារ​របស់​ក្រសួង​រៀបចំ​ដី នគរូបនីយកម្ម​និង​សំណង់​ស្តីពី ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ នៃ​គោលនយោបាយ​ដីធ្លី​បានឱ្យដឹងថា ចក្ខុ​វិស័យនេះ ត្រូវបាន​បែក​នៅក្នុង​ទិដ្ឋភាពធំ៣គឺ៖

១) ដី​ត្រូវបាន​គ្រប់គ្រង​តាម​វិធី ដែល​ធ្វើឱ្យ​សិទ្ធិ​លើ​អចលនទ្រព្យ​មាន​ភាពច្បាស់ លាស់ និង​មាន​សុវត្ថិភាព ធ្វើឱ្យ​ការផ្ទេរ​ជា​ផ្លូវការ​នូវ​សិទ្ធិ​ទាំងនោះ មាន​ភាពងាយស្រួល និង​ល្មម​អាំ​ចំណាយបាន។ វិវាទ​នឹង​ថយចុះ​ជា​លំដាប់ ហើយ​ចំពោះ​ករណី​ណា​ដែលមាន​លទ្ធភាព​អាច​ដោះស្រាយ បាន​និង​ដោះស្រាយ​នៅក្រៅ​ប្រព័ន្ធតុលាការ។

២) ដី​ត្រូវ​បានរៀបចំ​តាម​វិធី​មួយ ដែល​ធ្វើឱ្យ​ការប្រើប្រាស់​បានល្អ ប្រកបដោយ​ចីរភាព និង​ត្រឹមត្រូវ​តាម​បែបបទ​បរិស្ថាន។ នៅក្នុង​តំបន់​ច្រើន​ការប្រើប្រាស់​ដី ទាមទារ​ឱ្យមាន​តុល្យភាព រវាង​អ្នកប្រើប្រាស់​ទាំងឡាយ និង​ការប្រើប្រាស់​ច្រើន​គោលដៅ​ទន្ទឹមនេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​នានា។

៣) ដី​រដ្ឋ​ត្រូវបាន​ការពារ សម្រាប់​ការប្រើប្រាស់​ជា​សាធារណៈ តាម​កន្លែង​ណា​ដែល​សម​នឹង​ប្រើ ក្រៅពីនោះ​ត្រូវ​បែងចែក​សំរាប់​ជា​ប្រយោជន៍​ឯកជន តាមរយៈ​ដំណើរការ​ដែលមាន​តម្លៃ​ភាព។

ពេល​សម្រេចបាន​ចក្ខុវិស័យ​ទាំងនេះ នឹង​អនុញ្ញាតឱ្យ​កម្ពុជា​ប្រើប្រាស់​ដី​ប្រកបដោយ​ប្រសិទ្ធិភាព សម្រាប់​គោលដៅ​សេដ្ឋកិច្ច និង​សង្គមកិច្ច និង​ធ្វើឱ្យមាន​ការដោះដូរ​ដី​ធ្វើបាន​ដោយ​សេរី ព្រមទាំង​ទទួលបាន​ផលចំណេញ​ពី​ដី ដែលជា​បិ​តិក​ភណ្ឌ​សាធារណៈ៕