ព័ត៌មាន

ចំណេះដឹងអាជីវកម្មៈសិក្សាលើ១០ចំណុច ដើម្បីទិញផ្ទះធ្វើអាជីវកម្មបានជោគជ័យ

ចំណេះដឹងអាជីវកម្មៈសិក្សាលើ១០ចំណុច ដើម្បីទិញផ្ទះធ្វើអាជីវកម្មបានជោគជ័យ

ភ្នំពេញៈ តើអ្នកចង់ទិញផ្ទះសម្រាប់ធ្វើអាជិវកម្មមែនទេ? ជាការពិត អ្នកប្រាកដជារំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ ពីផ្ទះនៅពេលដែលលោក អ្នកមានគោលដៅច្បាស់លាស់ក្នុងការទិញ។

ខាងក្រោមនេះជាចំណុចមួយចំនួន ដែលអាចទទួលបានផាពជោគជ័យក្នុងការទិញផ្ទះសម្រាប់ការធ្វើអាជីវកម្ម។
១. ប្រភេទអាជីវកម្ម
តើអាជីវកម្មនោះជាការលក់ទំនិញឬក៏ផ្តល់សេវា? តើវានឹងជាកន្លែងដែលជួបជា​មួយអតិថិជនផ្ទាល់ ឬក៏គ្រាន់តែមានបុគ្គលិកធ្វើការ? តើវាត្រូវការទំហំប៉ុណ្ណា? តើនឹងមានមនុស្សប៉ុន្មាននាក់ធ្វើការនៅទីនោះ?។ តើលោកអ្នករំពឹងថានឹងត្រូវការអតិថិជនប៉ុន្មានដើម្បីឲ្យអាជីវកម្មមួយនេះដំណើរការ?។

២. អតិថិជនគោលដៅ
យើងអាចចាត់ថ្នាក់អតិថិជនតាមច្រើនប្រភេទ
ចំណូល៖ ទាប មធ្យម ខ្ពស់
អាយុ៖ 0-៥, ៦-១២, ១៣-១៨, ១៩-៣០, ៣១-៥០
ការផ្សារភ្ជាប់ជាមួយអតិថិជន៖ អតិថិជនមកកន្លែងអាជីវកម្មលោកអ្នកដោយផ្ទាល់ ឬតាមទូរសព្ទ ឬប្រើអ៊ីនធើណេត (គេហទំព័រ បណ្តាញសង្គម)។

ប្រភេទអតិថិជន
អ្នកលក់ដុំ អ្នកលក់រាយ អ្នកប្រើប្រាស់ លោកអ្នកអាចពិចារណា តាមរយៈប្រភេទចំណាត់ថ្នាក់ដូចខាងលើដើម្បីមើលថា តើផ្ទះដែលលោកអ្នកចង់ទិញនោះ ស័ក្តិសមសម្រាប់អាជីវកម្មដែរឬទេ?។

៣. ទំហំអាជីវកម្ម
ដើម្បីដឹងថាតើអាជីវកម្មធំប៉ុណ្ណា យើងអាចវិភាគលើដើមទុន និងទ្រព្យដែលបានវិនិយោគ ចាប់តាំងពីពេលចាប់ផ្តើមរហូតដល់ពេលបច្ចុប្បន្ន។ តែអ្វីដែលអ្នកគួរពិចារណានោះគឺទំហំនិងប្រភេទនៃផ្ទះ ដែលលោកអ្នកចង់ទិញ ក្នុងគោលបំណងអាជីវកម្មនោះ ថាតើវាសាកសមដែរឬទេ? ដូចគ្នាជាមួយនឹងគោលបំណង នៃការទិញសម្រាប់រស់នៅដែរ លោកអ្នកគួរតែប្រើវាឲ្យអស់លទ្ធភាព។

៤. ផែនការអាជីវកម្ម
វាសំខាន់ណាស់ ដែលលោកអ្នកគួរពិចារណាទុកជាមុនថា តើផ្ទះនោះនឹងបន្តរប្រើប្រាស់សម្រាប់អាជីវកម្ម របស់លោកអ្នកបានរយៈពេលប៉ុណ្ណា។ ក្នុងករណីបើអាជីវកម្មនោះរីកចម្រើនឬមិនរីកចម្រើន តើអាជីវកម្មនឹងប៉ះពាល់ដល់ផ្ទះយ៉ាងដូចម្តេច ហើយផ្ទុយមកវិញតើផ្ទះធ្វើឲ្យប៉ះពាល់ ដល់ភាពរីកចម្រើនរបស់អាជីវកម្មយ៉ាងដូចម្តេច?។

៥. ទីតាំង
ទីតាំងគួរតែជាកន្លែងដែលងាយស្រួលរក និងអាចងាយរកឃើញ បើទោះវាជាកន្លែងសម្រាប់ជួបជាមួយអតិថិជនផ្ទាល់ ឬក៏គ្រាន់តែមានបុគ្គលិកធ្វើការក៏ដោយ។ ទីតាំងនោះ ភា្ជប់ផ្លូវទៅកាន់ស្ថាប័នដូចជាសាលារៀន សាកលវិទ្យាល័យ វត្តអារាម មន្ទីរពេទ្យ ផ្សារ ហាង និងកន្លែងសំខាន់ៗទៀត សុទ្ធតែជាស្ថាប័នដែលត្រូវពិចារណាថា តើអតិថិជនលោកអ្នកមកពីស្ថាប័នមួយណា និងយ៉ាងដូចម្តេច។

ដូច្នេះវាសំខាន់ណាស់ ដែលអ្នកត្រូវរកទីតាំងណា ដែលអាចភា្ជប់ទំនាក់ទំនងបានល្អទៅស្ថាប័ន ដែលជាប្រភពធនធានអតិថិជនលោកអ្នក។

ជាពិសេស ប្រសិនបើទីតាំងនោះមានជាទីតាំងមមាញឹក អាចមានគុណសម្បត្តិ និងគុណវិបត្តិសម្រាប់អាជីវកម្មលោកអ្នក។ បើសិនជាមានចរាចរណ៍យ៉ាងមមាញឹកនៅជិតឬនៅមុខកន្លែងរបស់លោក អ្នក នោះវាអាចប៉ះមិនល្អដល់អាជីវកម្មលោកអ្នក តែបើទីនោះជាកន្លែងដែលមានភាពមមាញឹក ដោយមានមនុស្សចេញចូលមកស្វែងរកទិញទំនិញ ឬក៏គោលបំណងផ្សេងៗ នោះវាជាការល្អសម្រាប់លោកអ្នកវិញ។ តើពេលណាជាពេលដែលមមាញឹកបំផុត ហើយវាប៉ះពាល់ដល់អាជីវកម្មលោកអ្នកដូចម្តេចដែរ?។

៦. ប្រភេទផ្ទះ
ផ្ទះប្រភេទណាដែលស័ក្តិសមសម្រាប់អាជីវកម្មរបស់លោកអ្នកឬទេ វាអាស្រ័យថាតើអាជីវកម្មលោកអ្នកត្រូវការសភាពរូបរាង ទំហំ និងទីធ្លាផ្ទះប៉ុណ្ណា។ បើសិនជាអាជីវកម្មរបស់លោកអ្នកលក់ផលិតផល ដែលមានយីហោល្បីៗ លោកអ្នកគួរតែរកផ្ទះណាដែលស្អាតដោយមានការតុបតែង ដែលមានភាពទាក់ទាញនិងលក្ខណៈល្អ តែបើសិនជាអាជីវកម្មសាមញ្ញដែលមិនទាក់ទងនឹងកេរ្តិ៍ឈ្មោះ ផ្ទះធម្មតាក៏អាចប្រើការបានដែរ។

៧. ទំហំ
ទំហំគឺសំដៅទៅលើទីធ្លានៃផ្ទះ។ តើនឹងមានការពាក់ពន្ធច្រើនប៉ុណ្ណា នៃអាជីវកម្មលោកអ្នក? លោកអ្នកគួរតែបន្សល់ទុកទីធ្លាបន្តិច ដើម្បីឲ្យអាជីវកម្មប្រព្រឹត្តទៅដោយរលូននិងអាចត្រៀមនៅពេលមានការរីកចម្រើន។

៨. តម្លៃ
តម្លៃនៃផ្ទះដែលលោកអ្នកចង់ទិញ គួរតែសាកសមនឹងសក្តានុពល នៃអាជីវកម្មលោកអ្នកចង់ធ្វើ ដោយពិចារណាតម្លៃទីផ្សារ តាមការសាកសួរពីថ្លៃទីផ្សារបច្ចុប្បន្ន តាមរយៈការសាកសួរពីផ្ទះ ដែលនៅជិតខាងក្នុងតំបន់និងតំបន់ដែលប្រហាក់ប្រហែល។

៩. ហិរញ្ញវត្ថុ
តើលោកអ្នកមានប្រាក់ប៉ុន្មានក្នុងដៃ? ទោះបីជាលោកអ្នកមានប្រាក់ប៉ុន្មាន ក៏ដោយ លោកអ្នកគួរតែធ្វើផែនការហិរញ្ញវត្ថុ ដើម្បីជៀសវាងឧបសគ្គផ្សេងៗនៅពេលក្រោយ។ តើលោកអ្នកចង់បង់ប្រាក់ដូចម្តេច? បង់ផ្តាច់?បង់រំលស់? បើលោកអ្នកមានប្រាក់គ្រប់គ្រាន់តែមិនចង់បង់ថ្លៃការប្រាក់ លោកអ្នកអាចជ្រើសរើសការបង់ផ្តាច់បាន។ សម្រាប់លោកអ្នកប្រកបអាជីវកម្ម លោកអ្នកអាចយកជម្រើសការបង់រំលស់ ព្រោះលោកអ្នកអាចទុកប្រាក់ដើម្បីប្រកបអាជីវកម្ម។ បើសិនជាលោកអ្នកចង់បង់រំលស់ លោកអ្នកត្រូវគិតពីចំណូលរបស់លោកអ្នក។

ស្ថាប័នហិរញ្ញវត្ថុ ដែលអ្នកអាចពិចារណា
មានផ្ទះខ្លះដូចជាបុរី មានការបង់រំលស់ ឬក៏លោកអ្នកអាចស្វែងរកស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារ ឬមីក្រូហិរញ្ញវត្ថុដើម្បីជួយបាន។ ទោះជាយ៉ាងណាក៏ដោយ ការបង់រំលស់ជាមួយបុរីលោក អ្នកត្រូវគិតពីកត្តាមួយចំនួនដូចជា ប្លង់នៃអចលនទ្រព្យ កេរ្តិ៍ឈ្មោះអ្នកអភិវឌ្ឍន៍។ល។ ស្ថាប័នហិរញ្ញវត្ថុមួយចំនួន មានជំនាញទាក់ទងនឹងកម្ចីលំនៅដ្ឋាន។ លោក អ្នកគួរតែពិចារណាពីស្ថាប័នណា ដែលផ្តល់សេវាល្អជាមួយនឹងរយៈនៃកម្ចីបានយូរ និងអត្រាការប្រាក់ដែលអាចទទួលយកបាន។

១០. ចំណូលលោកអ្នក
លោកអ្នកចាំបាច់ត្រូវស្គាល់ចំណូលរបស់ខ្លួន ព្រោះវាចំាបាច់ណាស់ថា តើលោកអ្នកនៅមានលទ្ធភាព សម្រាប់ចំណាយប្រចាំថ្ងៃឬទេ បន្ទាប់ពីបង់រំលស់ហើយ។ លោកអ្នកអាចពិភាក្សាជាមួយមន្រ្តី ប្រឹក្សាឥណទានរបស់យើងបាន នៅតំបន់ផ្សេងជុំវិញប្រទេស។

តើលោកអ្នករំពឹងថា នឹងស្រង់ដើមបានវិញនៅពេលណា? មើលទៅហាក់ដូចជាវែងឆ្ងាយដែលធ្វើឲ្យលោកអ្នកមិនមានអារម្មណ៍វិជ្ជមាន ពីព្រោះថ្លៃផ្ទះអាចនឹងខ្ពស់ជាងខ្លាំង។ តែសូមលោកអ្នកចងចាំថា បើទោះជាការស្រង់ថ្លៃដើម មានរយៈពេលយូរបន្តិចក៏ដោយ ក៏តម្លៃផ្ទះលោកអ្នកនឹងឡើងថ្លៃដែរ។ ដូច្នេះសូមកុំបារម្ភ គ្រាន់តែបន្តរធ្វើ និងរីករាយជាមួយជីវិតអាជីវកម្មរបស់លោកអ្នកទៅ៕

ប្រភព៖Propertyarea.asia