ព័ត៌មាន

ក្រសួងជំរុញឲ្យអាជ្ញាធរបន្តអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ខណៈចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើង

ក្រសួងជំរុញឲ្យអាជ្ញាធរបន្តអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ខណៈចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើង

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាលពីថ្ងៃសៅរ៍​ បាន​ក្រើន​រំឭក​ដល់​អាជ្ញាធរ​ខេត្ត-រាជធានី ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ និង​ជំរុញ​ការ​ចូល​រួមរបស់​សហគមន៍​ក្នុង​ការ​អនុវត្តន៍​វិធាន​សុខាភិបាល​ឲ្យបាន​ខ្ជាប់​ខ្ជួន។ ការ​ក្រើន​រំឭក​យ៉ាង​ដូច្នេះ​ដោយសារ​តែ​មួយរយៈ​កាល​ចុងក្រោយ​នេះ ចំនួន​អ្នក​ឆ្លង​កូវីដ-១៩​ បានហក់​ឡើង​វិញ ​ក្នុង​រង្វង់​ជាង​៦០០នាក់​ក្នុង​១ថ្ងៃ។

តាម​រយៈ​លិខិត​របស់​ក្រសួង​សុខាភិបាលចុះថ្ងៃ​ទី១៨ ខែ​កញ្ញា​ លោក ម៉ម ប៊ុនហេង បាន​គូសបញ្ជាក់ថា ទោះបីជា​ប្រជាពលរដ្ឋ​បានចាក់​វ៉ាក់សាំង​ហើយ​ក៏ដោយ​ ក៏មិន​ត្រូវ​ភ្លេច​ខ្លួន​ក្នុង​ការ​បន្តការការពារ​ជំងឺ​កូវីដ-១៩ ​នោះឡើយ។ ក្នុង​ពេល​ថ្មីៗ​នេះ ​មានការ​ហក់ឡើង​វិញ​នៃចំនួន​អ្នក​ឆ្លង​កូវីដ-១៩ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ ដែល​តម្រូវ​ឲ្យមានការ​យក​ចិត្ត​ទុកដាក់​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​អប់រំ​សុខភាព​ក្រោម​ប្រធាន​បទ​«​រួម​គ្នា​ទទួល​ខុស​ត្រូវ​ទប់​ស្កាត់​ការ​ចម្លង​វីរុស​កូវីដ-១៩»។

លោក ម៉ម ប៊ុនហេង បានប្រាប់​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ​តាម​ឧគ្ឃោសនសព្ទ ការ​ចែក​ខិត​ប័ណ្ណ ការ​បិទ​រូបភាព​ផ្ទាំងធំៗ នៅតាម​ទីតាំង​ដែលមាន​ហានិភ័យ និង​ចាត់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដល់​ម្ចាស់អាជីវកម្ម​ ឬបុគ្គលណា​ដែល​មិន​គោរពវិធានការនេះ។

គួរកត់សំគាល់ថា ចាប់​ពីថ្ងៃទី១០​កញ្ញាមកចំនួន​អ្នក​ឆ្លង​កូវីដ-១៩​ បានហក់​ឡើង​វិញ​ក្នុង​រង្វង់​ជាង​៦០០​នាក់​ក្នុង​១​ថ្ងៃ ខណៈ​ដែលកាលពីខែសីហា​ចំនួន​អ្នក​ឆ្លង​បានធ្លាក់ចុះ​មកនៅត្រឹម​រង្វង់ជាង៤០០​នាក់​ក្នុង​១​ថ្ងៃ។

ទោះជាយ៉ាងនេះក្តី ​ស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩នៅកម្ពុជា គឺបានគ្រប់គ្រងទាន់ពេលវេលា បើទោះបីជាស្ថានភាពឆ្លងមានការហក់ឡើងបន្តិចក្តី។ នេះបើតាមការលើកឡើងរបស់លោកស្រី​ ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និងជា​ប្រធានគណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ-១៩​ កាលពីថ្ងៃទី១៩ ខែកញ្ញា ក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅខេត្តស្ទឹងត្រែង។ លោកស្រីវេជ្ជបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន បើទោះជាបានចាក់វ៉ាក់សាំងបង្ការ​កូវីដ-១៩ ហើយក្តី។

បើតាមលោកស្រី ឱ វណ្ណឌីន គេឃើញថាការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ នៅមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ ព្រោះកន្លែងខ្លះ នៅតែមានការប្រមូលផ្តុំគ្នា ដែលនេះបង្កលទ្ធភាពឲ្យកូវីដ-១៩ អាចឆ្លងកើនឡើង៕

ប្រភព៖ Khmer.rfi