News

ការសិក្សាថ្មីៈខណ្ឌចំនួនពីរនៅរាជធានីភ្នំពេញទទួលបានគម្រោងវិនិយោគច្រើនជាងគេ

ការសិក្សាថ្មីៈខណ្ឌចំនួនពីរនៅរាជធានីភ្នំពេញទទួលបានគម្រោងវិនិយោគច្រើនជាងគេ

ភ្នំពេញៈ តាមសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានបង្ហាញខណ្ឌចំនួនពីរ នៅរាជធានីភ្នំពេញរួមមានខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាទីតាំងដែលមានសក្ដាពលទាក់ទាញ និងទទួលបានគម្រោងវិនិយោគច្រើនជាងគេ។

ជាការកត់សម្គាល់ខណ្ឌកំបូល ប៉ែកខាងលិចរាជធានីភ្នំពេញ ហាក់មានសកម្មភាពកាន់តែផុសផុល ទៅលើគម្រោងវិនិយោគលំនៅឋានជាបុរី ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនបានបន្តសកម្មភាពគម្រោងរបស់ខ្លួន ទាំងគម្រោងចាស់ៗ និងគម្រោងថ្មីៗ ធ្វើឱ្យខណ្ឌនេះ មានប្រជាពលរដ្ឋមករស់នៅកាន់តែច្រើនផងដែរ។

ដោយឡែកខណ្ឌ ពោធិ៍សែនជ័យក៏ដូចគ្នាផងដែរ វាជាតំបន់ដែលមានគម្រោងវិនិយោគលំនៅឋាន និងគម្រោងមួយចំនួនទៀត ក៏បានបន្តសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់ ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា តំបន់ខាងលិចនៃរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា ពិតជាមានការវិនិយោគផុសផុលនាពេលបច្ចុប្បន្ននេះ ដោយឃើញមានគម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗ ជាច្រើនចាប់ផ្ដើមអនុវត្តន៍ជាបន្តបន្ទាប់ ក្នុងនោះក៏មានគម្រោងលំនៅឋានតម្លៃសមរម្យនិងតម្លៃខ្ពស់ៗផងដែរ ។

លោកបន្តថា “កត្តាដែលជំរុញឱ្យតំបន់ទាំងនោះ កាន់តែទទួលបានការវិនិយោគច្រើននោះ ដោយសារតែយើងឃើញថា មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋក៏កាន់តែរីកដុះដាលមានផ្លូវខ្វាត់ខ្វែង មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើងគ្រប់គ្រាន់”។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីខែមករា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគ ដែលគិតតែក្នុងរាជធានីភ្នំពេញមានចំនួន១៩ គម្រោង ឬស្មើនឹងទុនវិនិយោគប្រមាណ១៧៦លានដុល្លារ។ គម្រោងវិនិយោគទាំងនេះបូកបញ្ជូលគ្នាអាចបង្កើតការងារបានជាង១៤,០០០ នាក់។

ក្នុងចំណោមនោះ ខណ្ឌពោធិ៍សែនជ័យទទួលបាន គម្រោងវិនិយោគច្រើនជាងគេដល់ទៅ៧គម្រោង ខណៈដែលខណ្ឌកំបូលមាន៤គម្រោង។ ខណ្ឌទាំងពីរបូកបញ្ជូលគ្នាមានចំណែកជាង៥០ភាគរយ នៃចំនួនគម្រោងវិនិយោគសរុប១៩គម្រោង។ទិន្នន័យដដែលបានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ ផ្តោតលើការវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប កែច្នៃ និងវេចខ្ចប់ ផលិតផលកសិកម្ម និងគម្រោងសាងសង់សណ្ឋាគារផ្កាយ៤ជាដើម៕

ប្រភព៖Propertyarea.asia